(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមើលឃើញថា ការដាក់ចេញសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមានភាពល្អប្រសើរ តែអាជ្ញាធរតាមបណ្តាញខណ្ឌ ត្រូវបន្តជំរុញ និងអនុវត្តកាន់តែប្រសើរ។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈ video conference នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា «ការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះ បានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។ ដូចច្នេះលោកអភិបាលរាជធានី បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ជាពិសេសស្នើរឱ្យអាជាធរខណ្ឌទាំង១៤ ណែនាំបន្តឱ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥ បន្តពង្រឹងលើការងារនេះបន្ថែមទៀតដល់ភូមិ និងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណា យើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជម្ងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីដែលតាឲ្យបាន។

លោក ឃួង ស្រេង ក៏នៅតែព្រមានថា សម្រាប់វិធានការរដ្ឋបាល នៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃនេះ កម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្ត និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

លោកថា «ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ។ វាល្មមដល់ពេលហើយ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេល ៩ខែហើយ ប្រជាពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ»

បន្ថែមពីលើនេះទៀត ដើម្បីចូលរួមទប់ស្កាត់ឲ្យបានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសការរីករាលដាលមេរោគប្រភេទថ្មី ដែលតា នេះដែរ លោក ឃួង ស្រេង បានស្នើឱ្យគ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ គឺត្រូវដាក់បដា «៣ការពារ និង៣កុំ» នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្ហាញឱ្យឃើញពីការចូលរួមក្នុងការកាត់ផ្តាច់ប្ញសគល់ជំងឺកូវីដ១៩ឱ្យបាន៕