(ភ្នំពេញ)៖ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ដែលធ្វើឡើងនាឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ការគោពសិទ្ធិមនុស្ស ត្រូវមានភាពគ្រប់ជ្រុងជ្រោយរួម មិនត្រូវឱ្យមានស្តង់ដាពីរឡើយ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហានេះ គឺនៅក្នុងជំនួបនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ខណៈដែលអាស៊ានកំពុងប្រឈមមុខនឹងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើប្រជាជនក្រីក្រ អាស៊ានគួរខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនទាំងនោះ និងបន្តវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងទៀតថា «ការយល់ដឹង និងការគោពសិទ្ធិមនុស្ស ត្រូវមានភាពគ្រប់ជ្រុងជ្រោយរួម ដោយគ្មានស្តង់ដាពីរ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា»

ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់របៀបវារៈ សិទ្ធិមនុស្ស រួមទាំងការការពារ និងលើកកម្ពស់សេរីភាពស្នូលរបស់ប្រជាជនអាស៊ាន។

ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានជំរុញឱ្យ AICHR កាន់តែសកម្មក្នុងការបំពេញភារកិច្ចលើកកម្ពស់ និងការពារសិទ្ធិមនុស្សទូទាំងអាស៊ាន ជាពិសេសអំឡុងពេលដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩៕