(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យលោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះប្រចាំការយាមល្បាតជុំវិញគោលដៅសំខាន់ៗ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta និងជាតំបន់បិទខ្ទប់កំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដើម្បីអនុវត្តតាមសេចក្ដីសម្រេច របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

លោកស្រី រាជ ផាវឿន បញ្ជាក់ថា សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញគឺ «ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្លូវលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»

លោកស្រីចៅសង្កាត់ទួលសង្កែទី១ បញ្ជាក់ទៀតថា ក្នុងសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញគឺ «ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែក្នុងករណីចំបាច់មួយចំនួនប៉ុណ្ណោះ»