(ព្រៃវែង)៖ ជាកាដូសម្រាប់បុណុ្យ ចូលឆ្នាំប្រពៃណីជាតិ ដល់ប្រជាពលរដ្ឋទូទាំងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ប្រកាសបញ្ចុះតម្លៃអគ្គិសនីពី១០៥០រៀល មកត្រឹម៤៨០រៀល ចំពោះអ្នកប្រើប្រាស់ចាប់ពី ១០គីឡូវ៉ាតម៉ោងចុះក្រោម និងចំពោះអ្នកប្រើចាប់ពី១០គីឡូវ៉ាតម៉ោងឡើងទៅ គឺត្រឹម៧៨០រៀល។ លោកអភិបាលខេត្តបានប្រកាសអំពីការបញ្ចុះតម្លៃនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងនេះទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសរួចមកនោះ។

ប្រកាសផ្តល់កាដូដ៏ធំសម្រាប់ប្រជាពលរដ្ឋ ក្នុងក្រុងព្រៃវែងខាងលើនេះ បានធ្វើឡើង ខណៈដែលអភិបាលខេត្តព្រៃវែង បានអញ្ជើញ ចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុង៤ខ្សែ នៅសង្កាត់កំពង់លាវ ក្នុងព្រៃវែង ផ្លូវទាំងនេះមានប្រវែង១៣១៤ម៉ែត្រ មានទទឹង៨ម៉ែត្រ ស្ថិតនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ដែលកន្លងមកផ្លូវទាំង៤ខ្សែនេះ នៅរដូវរវស្សាជួបការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើចរាចរណ៍ដោយមានភក់ជ្រាំច្រើន។

លោក ជា សុមេធី បានថ្លែងថា «ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យខេត្តជួយស្ថាបនាផ្លូវមួយនេះ យើងបានខិតខំប្រឹងប្រែង និងបានបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ ដើម្បីបំពេញនូវសំណូមពរ និងសម្រួលការធ្វើចរាចរណ៍របស់បងប្អូន ក្នុងក្រុងឲ្យបានទាន់​ ពេលវេលាជាពិសេសបានធ្វើឲ្យក្រុងព្រៃវែង កាន់តែមានសោភណ្ឌភាព បរិស្ថានល្អ  ក្នុងការប្រកួតប្រជែងដណ្តើមផ្ការរំដួល៣ទង នៅពេលចូលរួមប្រឡើងទីក្រុងស្អាត​ នាពេលលើកក្រោយ»។

លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នូវបញ្ហាមួយចំនួនរួមមាន ទី១-កុំបង្កាត់ភ្លើង ឬដាំបាយនៅលើផ្លូវបេតុង ដែលបណ្តាលឲ្យខូចគុណភាពផ្លូវ ទី២-នាំគ្នាពាក់មួកសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថភាពផ្ទាល់ខ្លួន និងអ្នកដទៃ គ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៣-រួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព បង្ការទប់ស្កាត់ការចរាចរណ៍ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងទី៤-សូមកុំពិសារគ្រឿងស្រវឹង នាំឲ្យនគរបាលចរាចរណ៍ផ្លុំជាតិអាល់កុល ត្រូវផាកពិន័យ និងអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតទៀតផង។

ក្រោយបញ្ចប់ការបើកការដ្ឋានផ្លូវ លោកអភិបាលខេត្ត បានទៅជួប សំណេះសំណាល ជាមួយក្រុមអ្នករត់ម៉ូតូឌុប នៅក្នុងក្រុងព្រៃវែង ដែលមានការខ្វះខាតចំនួន១០០០នាក់ ដោយក្នុងម្នាក់ៗ ឧបត្ថមមួកសុវត្ថិភាព១ និងអាវមួយ។ លោកបានណែនាំឲ្យពាក់មួក សុវត្ថិភាព គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ គ្មានគ្រោះថ្នាក់ចរាចរណ៍ដូចប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ថា «ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវចៀសឲ្យឆ្ងាយពី គ្រឿងញៀនគ្រប់ៗគ្នា»៕