(ភ្នំពេញ)៖ ព្រឹកមិញទៅអង្គុយហូបបបរឈាមជ្រូក នៅហាងគីរីខាងត្បូងវិមានឯករាជ្យ ក្បែរច្រកចូលហាងកាត់សក់ខ្មែរអង្គរ ចៃដន្យឃើញសឺមីពណ៌ផ្កាឈូកមួយនៅលើតុ និងលិខិតមួយច្បាប់នៅខាងក្នុង មានឃ្នាបកៀបជាប់នឹងសឺមីយ៉ាងត្រឹមត្រូវ។

នាយខ្វែកខំក្រឡែករកម្ចាស់ ព្រោះគិតថាច្បាស់ជាមានភ្ញៀវណាម្នាក់ភ្លេចហើយ តែមិនឃើញមានមនុស្សសោះ ព្រោះម៉ោងជិតបាយថ្ងៃត្រង់ទៅហើយ ភ្ញៀវចេញអស់ហើយ នាយខ្វែកទើបរត់មករកបបរព្រឹក ព្រោះយប់មិញសាច់គោអាំងទឹកប្រហុក និងប៊ីយ៉ែរថូធ្វើទុក្ខធ្ងន់ពេក។ អង្គុយចាំអ្នកលក់បបរយូរពេក នាយខ្វែកក្នុងនាមជាមនុស្សរពឹសភ្នែកក៏លួចឆ្កឹះ គម្របសឺមីឡើង ភ្នែកលួចដៀងមើលខ្លឹមសារ មើលទៅដូចជាទំនងដែរ ក៏ខំអានចុះអានឡើងបួនដប់សាររហូតចាំខ្ទេចម៉ត់ដូចអាចម៍ទីទុយ។

ក្នុងនោះដោយសារតែខ្លឹមសារក្នុងក្រដាសទំនងមានអ្នកចង់ដឹងច្រើន នាយខ្វែកក៏សំរេចកូពីចេញពីខួរក្បាលយកមកសរសេរចែកគេឯងមើលលេង ទៅកុំឲ្យគេថា បានដឹងរឿងល្អហើយលាក់ទុកហិតតែម្នាក់ឯង។

ខ្លឹមសារនៅក្នុងក្រដាសដែលនាយខ្វែក អានចាំទុកនៅក្នុងខួរក្បាលនោះមានអត្ថន័យទាំងស្រុងថា៖

សង្រ្គោះ បំរើ ការពារ
របាយការណ៍ការងារក្នុងយុទ្ធសាស្ត្រ ឈានទៅរកការ «ផ្លាស់ប្ដូរ» របស់លោកប្រធានស្ដីទី ទទួលបានជោគជ័យដ៏មហិមាសំរាប់ថ្លែង នៅក្នុងអង្គសមាជរបស់ គណបក្សយើងនៅថ្ងៃស្អែកនេះរួមមាន៖

ទី១៖ លោកប្រធានស្ដីទីផ្លាស់ប្ដូរពីម៉ាក់អាថា ទៅម៉ាក់អានីតា បានជោគជ័យ
ទី២៖ លោកប្រធានស្ដីទីផ្លាស់ប្ដូរពីម៉ាក់អានីតា ទៅអាមុំ បានជោគជ័យ
ទី៣៖ លោកប្រធានស្ដីទីផ្លាស់ប្ដូរពីអាមុំ ទៅអាយ៉េស បានជោគជ័យ
ទី៤៖ លោកប្រធានស្ដីទីផ្លាស់ប្ដូរពីអាយ៉េស ទៅអាចិន បានជោគជ័យ
ទី៥៖ លោកប្រធានស្ដីទីផ្លាស់ប្ដូរពីអាចិន ទៅអាលីន បានជោគជ័យ
ទី៦៖ លោកប្រធានស្ដីទីផ្លាស់ប្ដូរពីអាលីន ទៅអាល័ក្ខ បានជោគជ័យ
ទី៧.លោកប្រធានស្ដីទីផ្លាស់ប្ដូរពីអាល័ក្ខ ទៅអាពៅ បានជោគជ័យ
ទី៨.លោកប្រធានស្ដីទីផ្លាស់ប្ដូរពីជិះអា៤៧០ ទៅជិះអា៥៧០ បានជោគជ័យ
ទី៩.លោកប្រធានស្ដីទីផ្លាស់ប្ដូរពីផ្ទះតិច គ្រួសារតូច ទៅផ្ទះច្រើន គ្រួសារធំ បានជោគជ័យ...

ខាងលើនេះជាខ្លឹមសារជាង៩០% ដែលនាយខ្វែកអានចាំ ចំលងចេញពីខ្លឹមសារអក្សរក្នុងក្រដាសដែលគេភ្លេចនៅលើតុនាហាងគីរី តែនាយខ្វែកចេះតែឆ្ងល់ថា របាយការណ៍នៅក្នុងក្រដាសនេះអ្នកសរសេរ ហាក់ដូចជាសរសេរមិនអស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់លោកប្រធានសោះ។ ក្នុងនោះដូចជាមានតែចំណុចខ្លាំង បាត់ចំណុចខ្សោយ ធ្វើឲ្យគេមើលទៅរបាយការណ៍នេះ ដូចជាមិនគ្រប់ជ្រុងជ្រោយសោះ។

នាយខ្វែកកំពុងតែសរសេរបណ្ដើររកនឹកគិតបណ្ដើរ ស្រាប់តែកូនស្រីពៅដែលទើបនឹងប្រលងជាប់បាក់ឌុបចូលរៀនមហាវិទ្យាល័យឈរ ពីក្រោយខ្នងស្រែកឡើងថា៖

កូនស្រី៖ ចុះគាត់ដឹកនាំតាំងពីបានធ្វើអនុប្រធានទី១ អង្គុយកៅអីខាងលើ រហូតធ្លាក់ទៅធ្វើសមាជិកធម្មតាអង្គុយកៅអីខាងក្រោមវិញ និងដឹកនាំជាង២០ឆ្នាំ តែមិនដែលទទួលបានជោគជ័យឈានទៅរកការ «ផ្លាស់ប្ដូរ» ពិតប្រាកដម្ដងនោះហេតុអីក៏គេមិនសរសេរចូលផងប៉ា?

នាយខ្វែក៖ កូនឯងគិតតែរៀនឲ្យចេះកុំអោយតែចាញ់បោក ពួកអ្នកនយោបាយទៅបានហើយ រឿងនយោបាយទុកអោយចាស់ៗ ជាអ្នកគិត..អារឿងចង់ផ្លាស់ប្ដូរអំណាចរបស់ លោកប្រធានស្ដីទីនោះ កូនឯងដឹងទេ បើដឹកនាំដូចគាត់សព្វថ្ងៃនេះ ដាំចេក..ដេកចាំទៅ..!..!៕