(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឧបត្ថម្ភសម្ភារបរិក្ខារជាច្រេីនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។

សម្ភារបរិក្ខារទាំងនោះ រួមមាន៖ សម្លៀកបំពាក់ការពារ PPE ចំនួន ៥០០ឈុត ម៉ាស N95 ចំនួន ៣០,០០០ម៉ាស ម៉ាស Foam Mask សិង្ហបុរី ចំនួន ៥០,០០០ម៉ាស ម៉ាសធម្មតាចំនួន ៥០,០០០ម៉ាស Face Shield ចំនួន ១០០គ្រឿង ស្រោមដៃសុខាភិបាលចំនួន ៥០ប្រអប់ និងទឹកថ្នាំសម្លាប់មេរោគចំនួន ១,២៥០លីត្រ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះលោក ប្រាក់ សុខុន និងលោកស្រី ខេង សំវ៉ាដា ដែលបានឧបត្ថម្ភសម្ភារបរិក្ខារទាំងនេះដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងបរិបទនៃជំងឺរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានបន្ថែមថា ការឧបត្ថម្ភមកដល់រដ្ឋបាលខេត្ត គឺជាអំណោយសប្បុរសធម៌ ដែលនឹងត្រូវបញ្ជូនទៅដល់ជនរងគ្រោះនានាតាមតំបន់ក្នុងខេត្តកំពង់ស្ពឺទាំងអស់។

លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា ការជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តកំពង់ស្ពឺ គឺជាការធ្វើសប្បុរសធម៌ដល់ជនទុរគតដែលងាយនឹងរងគ្រោះអំពីជំងឺកូវីដ-១៩ ដែលជាការជួយគ្នាទៅវិញទៅមកពេលរងគ្រោះ៕