(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានរៀបចំពិធីតម្រង់ទិសមុនពេលចេញដំណើរ សម្រាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ១៤នាក់ ដែលត្រូវបានជ្រើសរើសដើម្បីទទួលបានកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៣។

ពិធីតម្រង់ទិសមុនពេលចេញដំណើរ នេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចំានៅប្រទេសកម្ពុជា និងលោក អ៉ឹម សួរ អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក- CRDB/CDC) និងប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស អ ក ក-CAMKAA)។

ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស (HRD) ជាមួយប្រទេសជាដៃគូ ទីភ្នាក់ងារ KOICA បានអញ្ជើញមន្ត្រីរាជការកម្ពុជា ដែលមានទេពកោសល្យ និងជួយអភិវឌ្ឍពួកគេលើជំនាញវិជ្ជាជីវៈ និងចំណេះដឹង ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

ជាផ្នែកមួយនៃកម្មវិធី «ការពង្រឹងសមត្ថភាពនិងការអភិវឌ្ឍសមត្ថភាពសម្រាប់ថ្ងៃអនាគត» របស់ KOICA កម្មវិធីនេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់កូរ៉េ ជាមួយមន្ត្រីរដ្ឋាភិបាលបរទេសដោយផ្តល់ឱកាសឱ្យពួកគេ សិក្សាពីវិស័យដែលពួកគេចាប់អារម្មណ៍នៅសាធារណរដ្ឋកូរ៉េ។

កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូរបស់ KOICA។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារ KOICA បានចាប់ផ្តើមប្រតិបត្តិការ អាហារូបករណ៍កម្រិតអនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និង វិស័យបរិស្ថាននិងថាមពល។ ដោយឡែកសម្រាប់ឆ្នាំ២០២១នេះ មានមន្ត្រីឆ្នើមចំនួន១៤ រូប ដែលបានទទួលអាហារូបករណ៍ វគ្គសិក្សាថ្នាក់អនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ ចំនួន៨ នៅប្រទេសកូរ៉េ។

លោក នោ ហ្យន់ជូន បានស្វាគមន៍ និងអបអរសាទរចំពោះមន្ត្រីអាហារូបករណ៍។ លោកបានបន្តថា KOICA បានសន្យាបន្តជួយកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលបន្ថែមទៀត បើទោះបីជាមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ។

លោក អ៉ឹម សួរ បានលើកទឹកចិត្តដល់មន្ត្រីអាហារូបករណ៍ឱ្យចាប់យកឱកាសដ៏ល្អនេះ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ របស់ប្រទេសកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកូរ៉េ និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគេ ជាមួយប្រជាជនកម្ពុជាដទៃទៀត ដោយអនុវត្តតាមមេរៀន ដែលបានរៀន តាមរយៈកម្មវិធីថ្នាក់អនុបណ្ឌិតនេះ ទៅលើការងាររបស់ពួកគេ ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជា។

នៅក្នុងពិធីនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីវគ្គសិក្សាថ្នាក់អនុបណ្ឌិតដោយសង្ខេប និងផ្តល់ឲ្យមន្ត្រីអាហារូបករណ៍ នូវការតំរង់ទិសជាមូលដ្ឋាន ដូចជា ទី១៖ គោលការណ៍ណែនាំអាហារូបករណ៍ KOICA, ទី២៖ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ, ទី៣៖ ព័ត៌មានអំពីសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និង ទី៤៖ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។

មន្ត្រីអាហារូបករណ៍ដែលត្រូវបានជ្រើសរើសឲ្យជាប់អាហារូបករណ៍ បានថ្លែងអំណរគុណ និងប្តេជ្ញានូវការគាំទ្ររបស់ពួកគេចំពោះការិយាល័យ KOICA និងរដ្ឋាភិបាលកូរ៉េ ក៏ដូចជាបានប្តេជ្ញាក្នុងការនាំមកនូវកំណែទម្រង់សង្គម និង កំណែទម្រង់គោលនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េ៕