(ភ្នំពេញ)៖ កុមារ និងយុវវ័យ បានបង្ហាញការរីករាយចំពោះការទទួលបានឱកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ទន្ទឹមនឹងការរីករាយចំពោះការបានចាក់វ៉ាក់សាំងដើម្បីឱ្យសរីរាង្គកាយអាចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះ ពួកគេក៏បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចឱ្យពួកគេចាក់វ៉ាក់សាំង។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ត្រូវបានប្រកាសចាប់ដំណើរការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រៅតែពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ក៏បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនេះផងដែរ។

ក្រោយយុទ្ធនាការនេះចាប់ផ្តើមគេបានសង្កេតឃើញកុមារ ក៏ដូចជាយុវវ័យ បាននាំគ្នាទៅចាក់វ៉ាក់សាំងក្នុងចំនួនច្រើនគួរឱ្យកត់សម្គាល់។ ពួកគេបានយល់ដឹង និងជ្រូតជ្រាបអំពីគុណតម្លៃរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងការការពារសុខភាពរបស់ពួកគេប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងពេលចូលខ្លួនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ ដែលជាទីតាំងរ៉ាប់រងលើការចាក់វ៉ាក់សាំងជូនកូនៗរបស់អ្នកធ្វើការផ្នែកសុខាភិបាល និងកូនៗរបស់អ្នកព័ត៌មាន កុមារី អ៊ុង សុគន្ធវតី បានប្រាប់ Fresh News ថា ខ្លួនមិនមានការអល់អែកឡើយនៅពេលបានឮដំណឹងអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ហើយអ្វីដែលគេគិតដល់ជាដំបូងនោះ គឺត្រូវទៅចូលរួមចាក់វ៉ាក់សាំងនេះ។

សម្រាប់កុមារី អ៊ុង សុគន្ធវតី ដែលជាសិស្សកំពុងសិក្សាថ្នាក់ទី១២ នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងមិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេ តែក៏ជាការជួយដល់សុខមាលភាពសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។

កុមារី អ៊ុង សុគន្ធវតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពេលហ្នឹងទី១ គឺត្រូវតែចាក់ព្រោះអ្វី? ដើម្បីការពារសុខភាពខ្លួនឯង សង្គម និងប្រទេសរបស់យើង។ ឥឡូវនេះមានករណីកូវីដ១៩ច្រើនណាស់ អ៊ីចឹងយើងមិនអាចបណ្តោយវារហូតទេ យើងត្រូវតែចាក់វា [វ៉ាក់សាំង] ដើម្បីការពារទាំងខ្លួនឯង សង្គម និងប្រទេសជាតិ»

កុមារីម្នាក់ទៀត ដែលកំពុងសិក្សាថ្នាក់ទី៨ នៅក្នុងរាជធានីភ្នំពេញ គឺកុមារី អ៊ាង នីតា ក៏បានយល់ឃើញផងដែរថា ការចាក់វ៉ាក់សាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសុខភាពប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ១៩។

សម្រាប់កុមារី អ៊ាង នីតា បានបង្ហាញការយល់ដឹងរបស់គេទៀតថា ការចាក់វ៉ាក់សាំងជូនកុមារ ក៏ដូចជាយុវវ័យ មិនត្រឹមតែអាចជួយការពារសុខភាពពីការវាយប្រហារដោយជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែវាក៏អាចជួយឱ្យទ្វារសាលារៀន កន្លែងផ្តល់ការអប់រំដ៏ចាំបាច់សម្រាប់ក្មេងៗអាចបើកឡើងវិញផងដែរ។

កុមារី អ៊ាង នីតា បានបង្ហាញអារម្មណ៍របស់គេក្រោយពេលឮរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងយ៉ាងដូច្នេះ «ខ្ញុំគ្រាន់តែឮប្រកាសថា ក្មេងអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចចាក់វ៉ាក់សាំងបាន ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ព្រោះអ្វី? ពេលណាយើងបានចាក់វ៉ាក់សាំង ការពារទាំងយើង ទាំងគ្រួសារយើង ទាំងអ្នកដទៃដែលរស់នៅជុំវិញយើង។ ហើយយើងអាចបើកសាលារៀនឡើងវិញ យើងអាចជួបមុខគ្នាបាន»

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកំពុងចាក់ឱ្យកុមារ និងយុវវ័យនាពេលនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ផលិតដោយក្រុមហ៊ុនចិន។ វ៉ាក់សាំង បើទោះបីមានការធានាអះអាងពីសុវត្ថិភាព និងសារប្រយោជន៍សម្រាប់សុខភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ តែក៏នៅមានប្រជាពលរដ្ឋក្នុងចំនួនតិចតួចអល់អែកក្នុងការទៅចាក់វ៉ាក់សាំងនេះ។ ការអល់អែកមិនចាក់វ៉ាក់សាំង នឹងនាំឱ្យកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាចអសារបង់ផងដែរ។

កុមារី អ៊ុង សុគន្ធវតី និងកុមារី អ៊ាង នីតា បានអំពាវនាវរួមគ្នា ដល់កុមារ និងយុវវ័យ ស្ថិតក្នុងអាយុអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ដោយមិនត្រូវបំផ្លាញចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនោះឡើយ។

«ខ្ញុំសប្បាយចិត្ត ប្រសិនបើពួកគាត់ស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងទាំងអស់គ្នា។ ព្រោះអ្វី? កូវីដ១៩នៅក្នុងប្រទេសយើងកំពុងរីករាលដាលច្រើនដែរ។ អ៊ីចឹងខ្ញុំចង់ឱ្យពួកគាត់ទាំងអស់គ្នាមកទទួលការចាក់វ៉ាក់សាំង ការពារទាំងខ្លួនយើង គ្រួសារយើង និងមនុស្សដទៃ»។ នេះជាការអំពាវនាវរបស់កុមារី អ៊ាង នីតា។

ដោយឡែកកុមារី អ៊ុង សុគន្ធវតី បានអំពាវនាវយ៉ាងដូច្នេះ «សម្រាប់ខ្ញុំ។ ខ្ញុំជំរុញទឹកចិត្តពួកគាត់ឱ្យមានការជួយជ្រោមជ្រែងទាំងអស់គ្នា។ ក្រសួងសុខាភិបាលគាត់បានរៀបចំឱ្យពួកយើងហើយ អ៊ីចឹងពួកយើងជួយគ្នា ដើម្បីគាត់ [ក្រសួងសុខាភិបាល] ដើម្បីយើង ប្រទេសជាតិយើង។ យើងចាក់ហ្នឹងដើម្បីសុខភាពយើងចៀសឆ្ងាយពីជំងឺកូវីដ១៩»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាបុគ្គលតែម្នាក់គត់ ដែលបានដាក់ចេញផែនការក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ក៏ដូចជាការចាក់ជូនកុមារ និងយុវវ័យ។ ផែនការចាក់វ៉ាក់សាំងរបស់សម្តេចតេជោ សម្រេចលទ្ធផលល្អប្រសើរគួរជាទីរីករាយផងដែរ។

កុមារី អ៊ុង សុគន្ធវតី និងកុមារី អ៊ាង នីតា បានថ្លែងអំណរគុណ ហើយពួកគេបានគោរពកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខមាលភាពរបស់ពួកគេ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

តាមរយៈអង្គភាពព័ត៌មាន Fresh News កុមារី អ៊ាង នីតា បានថ្លែងពាក្យពេចន៍ក្នុងចិត្តទៅកាន់សម្តេចតេជោយ៉ាងដូច្នេះ «អ្វីដែលខ្ញុំចង់និយាយទៅកាន់គាត់ [សម្តេចតេជោ ហ៊ុន សែន] ខ្ញុំអរគុណគាត់ច្រើន។ ទាំងការដឹកនាំរបស់គាត់ និយាយរួមទៅគាត់ជាមនុស្សម្នាក់ដែលឆ្លាតវៃ ពូកែ មានសមត្ថភាពច្រើនក្នុងការដឹកនាំ»

ដោយឡែកកុមារី អ៊ុង សុគន្ធវតី បានលើកសរសើរពីការដឹកនាំរបស់សម្តេចតេជោយ៉ាងដូច្នេះ «ការគិតរបស់គាត់ [សម្តេចតេជោ ហ៊ុន សែន] គឺល្អមែនទែនសម្រាប់ប្រជាពលរដ្ឋខ្មែរយើង។ អ៊ីចឹងខ្ញុំមានការសប្បាយចិត្ត និងអរគុណគាត់ [សម្តេចតេជោ ហ៊ុន សែន] ដែលគាត់មានការគិតដល់ប្រទេសជាតិមួយទាំងមូល»

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលបានសម្រេចចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ក្នុងថ្ងៃប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះគឺជាមោទនភាពមួយសម្រាប់កម្ពុជា ដែលបានបោះជំហានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានកុមារ និងយុវវ័យសរុបជិត ៤ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី១ ដែលក្នុងនោះក៏មានចៅៗរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតផងដែរ៕