(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក  ហុង លៀង អនុប្រធានទី១ទទួលបន្ទុក ទីផ្សារ-ស្ថិតិ សាខាកាំកុង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរបស់ខ្លួន​ ចុះទៅត្រួតពិនិត្យទំនិញដែលដាក់លក់ នៅក្នុងផ្សារត្រី សង្កាត់-ក្រុងប៉ោយប៉ែត ដើម្បីរកឲ្យឃើញ និងចង់ដឹងថា តើទំនិញណាខ្លះដែលច្បាប់ហាមឃាត់និងហួស សុពលភាព។

លោក ហុង លៀង បានថ្លែងថា ក្រោមការណែនាំពីលោក ស៊ាន ស៉ីណាត ប្រធានសាខាកាំកុងត្រូលខេត្តរួចមក លោកបានដឹកនាំ មន្រ្តីជំនាញចុះទៅពិនិត្យទំនិញដែលដាក់លក់ នៅតូបលក់ទំនិញបរិភោគ ចំនួន១៥តូប និងតូបលក់បន្លែ ចំនួន៥តូបហើយជាលទ្ធផល រកឃើញមុខទំនិញមួយចំនួន ជាប្រភេទភេសជ្ជះ និងហូបចុកត្រូវច្បាប់ហាមឃាត់ ដែលដាក់លក់នៅលើទីផ្សារ។

បើតាមលោក ហុង លៀង ទំនិញដែលរកឃើញថា ខុសច្បាប់ និងបានដកហូតនោះរួមមាន នំចំរុះ ៥០គីឡូ ទឹកខ្មេះ ៥៧ដប ទឹកក្រូចខូចគុណភាព ៤កំប៉ុង។

អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យរូបនេះ បានអំពាវនាវដល់អាជីវករ ទាំងអស់ត្រូវបង្កើនការ ចូលរួមទប់ស្កាត់លើការ លក់ដូរទំនិញខូចគុណភាព និងច្បាប់ហាមឃាត់ពីព្រោះ វាធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋ ក៏ត្រូវត្រួតពិនិត្យ និងមើលពីទំនិញផង ក្រែងទិញយកទៅបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ៕