(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីវរលាម៉ោង២យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងកើត ផ្សារនាគព័ន្ឋ កំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន បានចុះទៅអប់រំប្រជាពលរដ្ឋមួយក្រុមមានប្រុស-ស្រីប្រមាណ៥ ទៅ៦នាក់ បានជួបជុំផឹកស៊ីល្មើសនឹងបំរាមរបស់រដ្ឋបាលខេត្ត។ អាជ្ញាធរក្រុងចុះទៅធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់ដោយមិនឲ្យ មានការជួបជុំដើម្បីចៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ។

ក្រោយការណែនាំអាជ្ញាធរមិនបានឃាត់មនុស្សទាំងនោះឡើយ ប៉ុន្តែនៅពេលដែលអាជ្ញាធរកំពុងតែណែនាំនោះស្រាប់តែក្រុម មនុស្សទាំងនោះបានថតរូបសមត្ថកិច្ច ថែមទាំងប្រើប្រាស់ពាក្យសំដីជេរប្រមាថមើលងាយមកលើសមត្ថកិច្ចទៀតផង ទោះបីជារងការប្រមាថពីសំណាក់ជនទាំងនោះក្តីក៏សមត្ថកិច្ច គ្រាន់តែដកហូតសំភារៈមករក្សាទុកនៅសាលាក្រុងច្បារមន ដើម្បីចាត់ការតាមនីតិវិធីរដ្ឋបាលតែប៉ុណ្ណោះ។

យោងតាមការបញ្ជាក់ពី លោកអភិបាលក្រុងច្បារមន បានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើលោកបានទទួលសេចក្តីរាយការណ៍ថា មានមនុស្សមួយក្រុមបានជួបជុំផឹកស៊ីបង្កការរំខានដល់អ្នកជិតខាង។ ក្រោយទទួលសេចក្តីរាយការណ៍រួចមក លោកក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង ចុះទៅធ្វើការណែនាំឲ្យបញ្ឈប់ការជួបជុំផឹកស៊ីនេះជាពិសេសលោកបានណែនាំអំពីការបង្ការ ចៀសវាងជំងឺកូវីដ១៩ និងក្រុមមនុស្សទាំងនោះទៀតផង។

លោកបានបន្តថា បន្ទាប់ពីលោកចុះទៅអប់រំណែនាំដល់ក្រុមមនុស្សទាំងនោះ ស្រាប់តែក្រុមមនុស្សទាំងនោះ បានឡូឡារឹតតែខ្លាំងហើយ ធ្វើការជេរប្រមាថមកលើកងកម្លាំងរបស់លោកផងដែរ។ បើទោះជាបែបនេះក្តី លោកមិនបានតបតអ្វីទេគ្រាន់តែធ្វើការ អប់រំណែនាំឱ្យបែកគ្នាឈប់ឱ្យមានការជួបជុំផឹកស៊ី តែក្រុមមនុស្សទាំងនោះមិនត្រឹមតែមិនស្ដាប់និងអនុវត្តតាម នោះ ទេថែមទាំងយកទូរស័ព្ទថតមកលើកម្លាំងរបស់លោកក្នុងគោលបំណងមិនល្អណាមួយ ទោះបីជារងការជេរប្រមាថនិង ថតរូបពីសំណាក់ជនទាំងនោះក្តី ក៏ក្នុងនាមជាថ្នាក់ដឹកនាំ មិនបានតបតឡើយគឺបានសុំត្រឹមឱ្យបំបែកគ្នា ផឹកស៊ី ហើយដកហូតយកសម្ភារៈ ដូចជា តុ កៅអី និងធុងទឹកកក យកមករក្សាទុកនៅសាលាក្រុងច្បារមនតែប៉ុណ្ណោះ។

លោកអភិបាល បានបន្តថា ក្នុងនាមអាជ្ញាធរលោកបានបញ្ជាក់ ជូនផងដែរថា បើចង់បានរបស់ទាំងនោះទៅវិញអាចមកយកទៅ តែត្រូវមានកិច្ចសន្យាមិនឱ្យលើកក្រោយទៀតទេ។ ហើយក្នុងនាមអាជ្ញាធរលោកសូមសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋសូមរក្សាគម្លាតសុវត្ថិភាពចៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវអនុវត្តតាមបំរាមគោចរ ដែលរដ្ឋបាលខេត្តដាក់ចេញត្រឹមម៉ោង៩យប់តទៅ៕