(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព​ ខណ្ឌជ្រោយចង្វារ ក្រោមការបញ្ជាផ្ទាល់ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌ សហការជាមួយមន្រ្តីរោងចក្រផលិតទឹកស្អាត ជ្រោយចង្វារបស់រដ្ឋ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅវាយ កម្ទេចចោលរបង ដែលជាសំណង់រឹង របស់ជនជាតិវៀតណាមម្នាក់ ដែលបានលួចសង់រំលោភលើច្រាំងទន្លេ នាំឲ្យប៉ះពាល់ដល់ រោងចក្រផលិតទឹកស្អាត រដ្ឋជ្រោយចង្វារ ។

លោក ហាក់ វុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មរដ្ឋាកទឹក ស្វយ័តក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ ជា ស៊ុនហាក់ ជាជនជាតិវៀតណាម ដែលបានលួចធ្វើរបងដែលជាសំណង់ រឹងមួយនេះ តាំងពីឆ្នាំ២០១៤ កន្លងទៅបើទោះបី ជាអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ បានចេញលិខិតហាមឃាត់ក៏ដោយ។

លោក ហាក់ វុទ្ធី បានបញ្ជាក់ថា ការលួចសង់របង ដែលសំណង់រឹងនេះបានធ្វើឲ្យទឹកទន្លេរាក់ គោកប៉ះពាល់ដល់រោងចក្រផលិត ទឹកស្អាតរបស់រដ្ឋ ដែលមានតួនាទីយ៉ាងសំខាន់ លើការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទូទាំងខណ្ឌ និងប្រជាពលរដ្ឋ៧០ភាគរយ ទូទាំងរាជធានីភ្នំពេញ។

អនុប្រធាននាយកដ្ឋានរូបនេះ បានរំលឹកថា កាលពីឆ្នាំ២០០៥ ម្ចាស់ទីតាំងមួយនេះបានសាងសង់សំណង់រឹង ដើម្បីស្តកខ្សាច់ ដែលបូមពីទន្លេ ពេលនោះខាងរោងចក្រផលិតទឹកស្អាត បានស្នើទៅអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត ចុះមកទប់ស្កាត់ ទាន់ពេល លុះឆ្នាំ២០១៤ ស្រាប់តែម្ចាស់ទីតាំងមួយនេះ បានលួចសាសង់ពេលយប់ និងពេលឈប់សំរាក រហូតចេញជារបងយ៉ាង ច្រង៉ាងរំលោភលើច្រាំងទន្លេ។ ពេលនោះខាងមន្រ្តីស្ថានីយ៍ បានរាយការណ៍ទៅអភិបាលខណ្ឌ និងអភិបាលក្រុង ចំនួន២ដង ទើបនៅដើមខែមករា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានសម្រេចឲ្យអាជ្ញាធរចាត់វិធានការណ៍ ជាបន្ទាន់រហូតចុះមកវាយកម្ទេច ចោលនៅថ្ងៃនេះតែម្តង៕

អាជ្ញាធរចុះទៅវាយកម្ទេចចោល របងនិងសំណង់រឹង របស់ជនជាតិវៀតណាម សង់រំលោភលើច្រាំងទន្លេ ប៉ះពាល់ស្ថានីយ៍ផលិតទឹកស្អាត

Posted by Fresh News on Thursday, March 24, 2016