(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩បំប្លែងថ្មី ទម្រង់ដែលតា (Delta) ដោយសង្កត់ធ្ងន់លើមន្ទីរទេសចរណ៍នៅតាមខេត្តគោលដៅដែលកំពុងបិទខ្ទប់ (ខេត្តជាប់ព្រំដែន)។

សារាចរណែនាំនេះធ្វើឡើងដោយយោងតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលកម្ពុជាលេខ ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩បំប្លែងថ្មី ក្នុងទម្រង់ដែលតា (Delta)។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងវិធានការចាំបាច់មួយចំនួនដែលត្រូវអនុវត្តជាបន្ទាន់ក្នុងយុទ្ធនាការនេះ។

ជាមួយនឹងចំណាត់ការខាងលើនេះ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារ ដែលមានខ្លឹមសារលម្អិតក្នុងសារាចរណេនាំខាងក្រោមនេះ៖