(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នេះថា កម្លាំងនគរបាលរបស់លោក នៅយប់មិញ បានចាប់ខ្លួនបក្ខពួក ក្រុមចោរប្លន់ម្នាក់ ដែលជាមុខសញ្ញាដ៏សំខាន់ម្នាក់ផងដែរ ដែលធ្លាប់ចូលរួមធ្វើសកម្មភាព ប្លន់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋយ៉ាងសកម្មភាព នាពេលកន្លងទៅ។

បើតាមលោកស្នងការ ជននេះបានរត់គេចខ្លួនចេញពី ស្រុកអស់រយៈពេល១០ឆ្នាំហើយ ហើយការចាប់ខ្លួន ក៏ធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់លោក សែត វិសិដ្ឋមុនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០០៩។

លោកឧត្តមសេនីយ៌ស្នងការបានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ហែល ហាន អាយុ៣៧ឆ្នាំ រស់នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ហើយការចាប់ខ្លួននេះ ក៏ត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោក ជា សុមេធី ប្រធានជគណ:បញ្ជាការឯកភាពខេត្តផងដែរ។

ជាមួយគ្នានេះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចាប់ខ្លួន ជនគាស់ផ្ទះម្នាក់ទៀតមានឈ្មោះ ថា នីន អាយុ៣២ឆ្នាំ រស់នៅភូមិ រការខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជននេះត្រូវបានលោក តុលាការដីកា បញ្ជាឲ្យចាប់ខ្លួននៅឆ្នាំ២០១២ ពីបទបង្ករបួស ដោយចេតនា និងកាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្តិនៅវត្តមេបុណ្យ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៦ ពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសតាមមាត្រា៤១ និង៥៤ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។

តាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំមេបុណ្យ បានបញ្ជាក់ថា កន្លងមកឈ្មោះ ថា នីន បានចំណាកស្រុកទៅក្រៅ មិននៅមូលដ្ឋានទេ ទើបនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលក្រុងព្រៃវែង បានប្រទះឃើញ ជនសង្ស័យរូបនេះ កំពុងអង្គុយផឹកកាហ្វេកំពង់ដរ មុខផ្សារក្រុងព្រៃវែង ស្រាប់តែនៅពេលឃើញសមត្ថកិច្ច ជនត្រូវចោទរូបនេះ មានបំណងគេចខ្លួន ដោយបានរត់ទៅវាលប្រាំង តែត្រូវប្រជាពលរដ្ឋ និងនគរបាលសហការគ្នា តាមចាប់បានតែម្តង។ នៅពេលនេះនគរបាលកំពុង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕