(ភ្នំពេញ)៖ លោក Juan de Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតថ្មីគុយបាប្រចាំនៅកម្ពុជា បានលើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជានេះ លោកនឹងខិតខំជំរុញ ការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ឲ្យរឹងមាំថែមទៀត ពិសេសខាងពាណិជ្ជកម្ម។

ឯកអគ្គរដ្ឋទូត បានលើកឡើងថាចំណងមិត្តភាព កម្ពុជា-គុយបា មានតំាងពីយូរមកហើយ។ លោកថានៅក្នុងសម័យសេដ្ឋកិច្ចបើកចំហរនេះ លោកនឹងខិតខំកៀងគរ អ្នកវិនិយោគទុន អ្នកទេសចរពី​ប្រទេសគុយបា មកកាន់កម្ពុជាឲ្យបានច្រើន។  លោក Juan de Jesus Hidalgo-Gato Perez មានក្តីសង្ឃឹមថា ក្នុងរយៈ ពេលខ្លីខាងមុខនេះ ទំហំពាណិជ្ជកម្មកម្ពុជា-គុយបា នឹងមានកំណើន ជាមិនខានឡើយ។

ការលើកឡើងនេះ បានធ្វើឡើង នៅក្នុងឱកាសជួបពិភាក្សាការងាររវាងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា  ជាមួយលោក Juan de Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា នៅវិមានរដ្ឋសភា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ។

លោក ឈាង វុន​ បានថ្លែងអំណរគុណចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែលសម្តេច តែងតែបានជួយគាំទ្រ សម្របសម្រួល ដល់បេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូត ប្រទេសគុយបា ប្រចាំនៅកម្ពុជា ក្នុងអាណត្តិមុនៗ ឲ្យទទួលបានជោគជ័យ ពីមួយអាណត្តិ ទៅមួយអាណត្តិ៕