(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញ​ចូលរួម​នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ ដែលនឹងប្រព្រឹត្តឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីអង្គរសង្ក្រាន្ត ឆ្នាំ២០១៦ នឹងប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០១៦។ ព្រឹត្តិការណ៍នេះ មានការរៀបចំទស្សនីយភាព ប្លែកៗ និងសំបូរបែប មិនចាញ់ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ២០១៥នោះឡើយ ដោយមានការប្រមូលផ្តុំគ្នាធ្វើនំបាយត្រៀប និងនំផ្លែអាយ ដែលត្រូវបានដាក់ឈ្មោះថា «បង្អែមនៃក្តីស្រឡាញ់»ដើម្បីចែកជូនបងប្អូនជនរួមជាតិទស្សនា។

ជាមួយគ្នានេះ ស.ស.យ.ក ក៏រៀបចំព្រឹត្តិការណ៍ជាច្រើនទៀតដូចជា កម្មវិធីទាញព្រ័ត្រមិត្តភាព លេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ មហោស្របសិល្បៈបុរាណ ពិព័រណ៌សិប្បកម្ម និងវត្ថុអនុវស្សាវរីយ៍ ការប្រណាំងរទះគោ ក្របី និងកម្មវិធីកម្មវិធីដ៏ទាក់ទាញ មួយចំនួនទៀត៕