(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគថ្មី Detal ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូន សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ចូលរួមអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងសេចក្តី ណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមាននៅជាធរមាន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖