(សៀមរាប)៖ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៧លាន បានបង្ហាញពីទឹកចិត្ដសប្បាយ ត្រេកអរយ៉ាងខ្លាំង ដែលទទួលបានថវិកាឧបត្ថម្ភ ចំនួន ១០លានរៀល និងស្បៀងឧបភោគ-បរិភោគ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

ថវិកា១០លានរៀល និងសម្ភារផ្សេងៗនេះ ត្រូវបានប្រគល់ជូនដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ នាផ្ទះរបស់លោកយាយ ចាន់ ឃីម ផ្ទាល់តែម្ដង ។

លោកស្រី ឱ វណ្ណឌីន ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក ការនឹករលឹក របស់សម្ដេចតេជោ និងជូនពរលោកយាយ ឱ្យមានសុខភាពល្អ ជាពិសេសអាយុកាន់តែវែង និងការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ និងជួយណែនាំដល់ចៅៗ និងពលរដ្ឋក្នុងសហគមន៍ ឱ្យចេះការពារខ្លួន ព្រោះបច្ចុប្បន្ននេះ បរិបទនៃការចម្លងនៃវីរុសកូវីដ១៩ កំពុងតែឋិតនៅក្នុងការព្រួយបារម្ដយ៉ាងខ្លាំង។

ក្នុងឱកាសនោះ លោកយាយ ចាន់ ឃីម បានលើកដៃប្រណមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងគោរពជូនពរសម្ដេច មានសុខភាពល្អ និងមានអាយុយ៉ឺនយូររហូតទៅ។

លោកយាយដែលមានជីវភាពក្រខ្សត់បានបង្ហាញពីទឹកចិត្ដសប្បាយរីករាយ ក្រោយទទួលបានថវិកាលើកទឹកចិត្ដរបស់ សម្ដេចតេជោ ថា «ខ្ញុំសប្បាយចិត្ដ និងត្រេកអរយ៉ាងខ្លាំង ចំពោះទឹកចិត្ដរបស់ សម្ដេចតេជោ ដែលបានខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសបានជួយការលំបាក ដែលខ្ញុំមានភាពអត់ឃ្លាន»។

ជាមួយគ្នានោះ លោកយាយ ចាន់ ឃីម ក៏បានលើកឡើងពីសុខភាពក្រោយចាក់វ៉ាក់សាំងថា «ក្រោយចាក់វ៉ាក់សាំងហើយ សុខភាពខ្ញុំល្អធម្មតា ហូបបាយបាន សម្រាន្ដក៏លក់ ខ្ញុំសប្បាយចិត្ដណាស់ សុខភាពល្អហើយ បានការពារជំងឺកូវីដ១៩ទៀត»។ជាងនេះទៅទៀតលោកយាយ ក៏បានអំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់វ៉ាក់សាំង សូមទៅចាក់ការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ថ្ងៃទី២៩ ខែកក្កដា ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសកំពុងរស់នៅកម្ពុជា សរុបជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់សម្រាប់ជនទី ១លាន ២លាន ៣លាន ៤លាន ៥លាន ៦លាន និង៧លាន។ ការផ្តល់រង្វាន់ជាការបង្ហាញនូវការលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង៕