(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងផ្សព្វផ្សាយខ្លឹមសារនៃសរាចរណែនាំ ព្រមទាំងសេចក្តីសម្រេចមួយចំនួន។

នាឱកាសនោះដែរ លោកស្រីអភិបាលខេត្ត បានលើកឡើងថា យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទ ដែលតា(Delta)។ ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា «តំបន់ក្រហម» និង/ឬ «តំបន់លឿងទុំ» និង/ឬ «តំបន់លឿង» អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។

*«តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

*«តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

*«តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម» «តំបន់លឿងទុំ» ឬ «តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេច។ ចំពោះភូមិសាស្ត្រដែលមានការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ប្រភេទដែលតា Delta ឬភូមិសាស្ត្រ ដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ១៩ ប្រភេទដែលតា (Delta)។

ទន្ទឹមនេះអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ ត្រូវផ្ដល់ការគាំទ្រជាបន្ទាន់ដល់ខេត្តដែលមានការពាក់ព័ន្ធ ដើម្បីចាត់វិធានការក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោលសំដៅកាត់ផ្តាច់ឱ្យបានទាន់ពេលវេលានូវការឆ្លងរាលដាលនៃមេរោគនេះទៅកន្លែងផ្សេងទៀត។

បន្ថែមពីនេះ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីយកសំណាកទៅវិភាគរកប្រភេទមេរោគ (Sequencing) នៅក្នុង «តំបន់ក្រហម» និង «តំបន់លឿងទុំ» ជាពិសេសភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ១៩ ប្រភេទដែលតា (Delta)៕