(ភ្នំពេញ)៖ ក្រោយពីតុលាការប្រកាសសាលក្រម ឲ្យបង់លុយ១៥លានរៀល ជូនលោកស្រីឧកញ៉ា កែវ ម៉ាលី និងបង់៥លានរៀល ចូលរដ្ឋនោះ ភ្លាមៗក្រោយប្រកាសសាលក្រម តារា Facebook លោក ផែង វណ្ណៈ បានសម្រេចដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់ការសម្រេច របស់តុលាការជាន់ទាបមួយនេះ ព្រមទាំងការដាក់ពាក្យបណ្តឹង ទៅកាន់តំណាងអយ្យការដើម្បីប្តឹងបកវិញ ទៅលោកស្រី កែវ ម៉ាលី ម្ចាស់វិមានចរណៃ ពីបទ «បរិហាកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត»។

លោក ផែង វណ្ណៈ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះថា «ខ្ញុំមិនអាចទទួលយក លទ្ធផលសាលក្រម របស់តុលាការដែលប្រកាសនេះឡើយ ដូច្នេះខ្ញុំបានសម្រេចដាក់ពាក្យបណ្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ និងប្តឹងបកត្រឡប់ទៅវិញ ដោយចោទប្រកាន់លោកស្រី កែវ ម៉ាលី ពីបទ បរិហាកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត»។
សម្រាប់ការដាក់ពាក្យបកត្រឡប់ទៅវិញនោះ ត្រូវបានមន្រ្តីនគរបាលក្រសួងមហាផ្ទៃរូបនេះ ពន្យល់ថា លោកស្រី កែវ ម៉ាលី បានដាក់ពាក្យបណ្តឹងចោទប្រកាន់លោក ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែសម្រាប់ថ្ងៃនោះលោកមិនបានបង្ហោះ អ្វីនោះឡើយ ហើយអ្វីដែលសំខាន់ជាងនេះ គឺសូម្បីតែនាយកដ្ឋានសន្តិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ ក៏បានចេញរបាយការណ៍ ស៊ើបអង្កេតបង្ហាញថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ លោកមិនបានបង្ហោះអ្វីនោះទេ ហើយអ្វីដែលលោកបង្ហោះនោះគឺគ្រាន់តែ ដកស្រង់បន្តពី Facebook របស់លោក Prom San តែប៉ុណ្ណោះ។

លោក ផែង វណ្ណៈ ក៏បានលើកឡើងថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន ដែលកាន់សំណុំរឿង របស់លោក ក៏សម្រេចធ្វើការចោទប្រកាន់ ទាំងមិនបានមើល និងទទួលស្គាល់របាយការណ៍របស់មន្រ្តី នៅនាយកដ្ឋានសន្តិសុខ ផ្ទៃក្នុងនោះដែរ ប៉ុន្តែនៅពេលដែលសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅដល់ដៃចៅក្រម ក៏ត្រូវបានចៅក្រមសម្រេចឲ្យចាប់របៀប (កាត់ឡើងវិញ)។ ដោយសារតែចៅក្រម លោក តុប ឈុនហេង សម្រេចយ៉ាងដូច្នេះ ស្រាប់តែលោកស្រី កែវ ម៉ាលី បានដាក់ពាក្យ បណ្តឹងសារជាថ្មី ទៅកាន់តំណាងអយ្យការ គឺលោកស្រី ស្រី ម៉ានី ប៉ុន្តែត្រូវបានប្រធានតុលាការចាត់ឲ្យបញ្ចូល នៅក្នុងសំណុំរឿង ចាស់ដដែល។

តារា Facebook រូបនេះ បានលើកឡើងថា សំណុំរឿងរបស់លោកមានទាំងរបាយការណ៍ របស់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបញ្ជាក់ថា មិនបានធ្វើបទល្មើសប៉ុណ្ណឹងហើយ នៅតែព្រះរាជអាជ្ញារង មិនទទួលស្គាល់ ចុះទំរាំរឿងក្តីរបស់ប្រជាពលរដ្ឋសាមញ្ញតើទៅជា យ៉ាងណា? សូមបញ្ជាក់ថា ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចឲ្យតារា Facebook លោក ផែង វណ្ណៈ និងស្រី្តឈ្មោះ ហង្ស បូរី ត្រូវសងសំណងចំនួន ១៥លានរៀល ជូនលោកស្រីឧកញ៉ា កែវ ម៉ាលី ម្ចាស់វិមានចរណៃ និងបង់ចំនួន៥លានរៀលជូនរដ្ឋ ជុំវិញបណ្តឹងបរិហាកេរ្តិ៍របស់សមាជិកព្រឹទ្ធសភារូបនេះ៕

Posted by Fresh News Photo on Thursday, March 24, 2016