(​កា​រ៉ា​កាស​)៖ ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក នី​កូឡាស ម៉ា​ឌួ​រ៉ូ (Nicolas Maduro) បាន​ព្រមាន​ថា ទីក្រុង​វ៉ាស៊ីនតោន បាន​និង​កំពុង​តែ​អនុវត្តន៍​ផែនការ ក្នុង​ការបង្កើន​ការ​គ្របដណ្តប់​អំណាច​របស់​ខ្លួន​ឡើងវិញ​នៅ តំបន់​អាមេរិក​ឡាទីន និង​ការី​បៀ​ន​ហើយ​។ នេះ​បើ​តាម​ការផ្សាយ​នៅ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិន​ហួរ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​នៅក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​មុននេះ លោក ម៉ា​ឌួ​រ៉ូ បាន​លើកឡើង​ថា «​សហរដ្ឋ​អាមេរិក​មាន យុទ្ធសាស្ត្រ​បែប​ចក្រពត្តិ​និយម ក្នុង​ការពង្រាយ​អំណាច​គ្រប​សង្កត់​របស់​ខ្លួន​ឡើងវិញ មក​លើ​តំបន់​អាមេរិក​ឡាទីន ស្របពេល​ដែល​គេ​បាន​មើលឃើញ​ថា វេ​ណេ​ស៊ុយអេ​ឡា​, អា​ហ្សង់​ទីន​, ប្រេ​ស៊ីល​, អេក្វាទ័​រ និង​បូ​លី​វា កំពុង​មាន​ការរីកចំរើន​ផ្នែក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​»​។​

​វេ​ណេ​ស៊ុយអេ​ឡា បាន​បន្ថែមទៀតថា សហរដ្ឋអាមេរិក​កំពុងតែ​មាន​ការភ័យខ្លាច​ចំពោះ​ប្រទេស​ជាច្រើន នៅ​អាមេរិក​ឡាទីន ដែល​បាន​រួបរួម​គ្នា​ហើយ​វា នឹង​ធ្វើឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការទាញយ​ក​ផលប្រយោជន៍ របស់​អាមេរិក​នៅ​តំបន់​នេះ​។​

​គួរបញ្ជាក់​ថា កាលពីដើម​ខែ​មីនា នេះ​រដ្ឋបាល​របស់​លោក អូ​បា​ម៉ា បាន​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត​មក​លើ​ទីក្រុង​កា​រ៉ា​កាស ដោយ​សំអាង​លើ​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​៕​