(ភ្នំពេញ)៖ Center City Ta Khmao កម្ពស់២៧ជាន់ រចនាឡើងដោយភាពល្អឥតខ្ចោះ បើកការដ្ឋានសាងសង់ជាមួយ ទឹកប្រាក់ជាង១៥០លានដុល្លារ នឹងលេចចេញជារូបរាងជាស្ថាពរ ក្នុងឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីបានបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។

អគ្គនាយកក្រុមហ៊ុន TANG KUNG GROUP លោក តាំង គួង បានថ្លែងថា គម្រោងអភិវឌ្ឍន៍អចលទ្រព្យដ៏ធំមួយ ដែលស្ថិតនៅចំកណ្ដាលបេះដូង នៃក្រុងតាខ្មៅ ដោយគ្របដណ្ដប់ទៅលើផ្ទៃ ដីទំហំ ១៥,៤៦៣ ម៉ែត្រការ៉េ និងមានសួនច្បារព័ន្ធជុំវិញផ្ទៃដីទំហំ១០,៦៦៨ ម៉ែត្រការ៉េ ជាមួយនឹងរចនាបទស្ថាបត្យកម្មដ៏ទំនើប ដែលអគារខុនដូភ្លោះកម្ពស់ ២៧ជាន់ ក្នុងនោះរួមមាន ផ្ទះពាណិជ្ជកម្មចំនួន ៦០ អគារពាណិជ្ជកម្មចំនួន៨ផ្សារទំនើប និងអគារស្នាក់នៅចំនួន៤៨៤យូនីតទៀតផង។

អគ្គនាយករូបនេះ បានថ្លែងបន្ដថា បន្ទាប់ពីសាងសង់រួម Center City TaKhmao នឹងក្លាយជាលំនៅដ្ឋានដ៏ទំនើបស៊ីវីល័យ មានផាកសុកភាព និងមានសុវត្ថិភាព កម្រិតស្ទង់ដារអន្ដរជាតិ និងជាកន្លែង ប្រមូលផ្ដុំពាណិជ្ជកម្ម សេវាកម្ម និងការកំសាន្ដយ៉ាងសម្បូរបែប ស្របតាមតម្រូវការនៃយុគសម័យបច្ចុប្បន្ន។

លោកបន្ថែមថា គម្រោងនេះនឹងត្រូវសាងសង់ ឡើងដោយផ្ដោតសំខាន់ ទៅលើគុណភាពសំណង់ ជាមួយនឹងរចនាបទនៃការតុបតែង ប្រកបដោយភាពទាក់ទាញ តាមស្ទង់ដារអន្ដរជាតិ សាកសមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏រស់រវើកនៅកម្ពុជា ហើយការចាប់ផ្ដើមសាងសង់ក្នុងដំណាក់កាលទី១នេះ រួមមានផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្ម ហើយក្រុមហ៊ុននឹងធ្វើការបានសម្ពោធ ការិយាល័យតាំងបង្ហាញផ្ទះគំរូខុនដូ ក្នុងពេលឆាប់ខាងមុខនេះ។​ Center City Ta Khmao ជាជម្រើសដ៏ថ្មីស្រឡាងមួយ របស់យើងទាំងអស់គ្នាសម្រាប់ ការរស់នៅ កន្លែងធ្វើការ និងជាកន្លែងសម្រាកកំសាន្ដពីការងារ ។

លោកបន្ថែមថា ក្រុមហ៊ុនមុននឹងសម្រេចចិត្ដជ្រើសរើស យកទីតាំងក្រុងតាខ្មៅ ដើម្បីអភិវឌ្ឍន៍គម្រោង Center City Ta Khmao ក្រុមហ៊ុនបានធ្វើការសិក្សា ទៅលើសក្កានុពល និងលក្ខណៈពិសេស ជាច្រើនដូចជា ស្ថិតនៅ តាមបណ្ដាលដងទន្លេបាសាក់ ដែលជាតំបន់ មានខ្យល់ អាកាសបរិសុទ្ធ បរិស្ថានល្អ សន្ដិខសុខល្អ មានស្ថានភាពដីខ្ពស់ មិនលិចទឹក ជាតំបន់មានសកម្មភាព ពាណិជ្ជកម្មដ៏រស់រវើក និងមានចម្ងាយ ត្រឹមតែ៦គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានមុនីវង្ស។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសមួយ អាចមានលំនឹងរីកលូតលាស់ ទៅបាន គឺអាស្រ័យទៅកត្តាច្រើនយ៉ាង ដែលនៅក្នុងនោះវិស័យវិនិយោគឯកជន គឺជាផ្នែកមួយដែលត្រូវតែជម្រុញ មិនអាចខ្វះបានក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយកត្តាខាងលើនេះ នឹងមិនអាចកើតឡើងបានដែរ បើសិនប្រទេសយើងធ្លាក់ នៅក្នុងស្ថានភាពអន្តិសុខ និងបាត់បង់នូវស្ថេរភាពសង្គម។​

លោកបន្តថា តាមរយៈគោលនយោបាយទីផ្សារសេរី និងសក្តានុពលអនុគ្រោះផ្សេងៗ ព្រមទាំងបរិយាកាសសន្តិសុខ និងស្ថិរភាពសង្គមនៅកម្ពុជា ក្រោមការជម្រុញលើកទឹកចិត្ត និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ចរន្តសេដ្ឋកិច្ចទីផ្សារ វិស័យឯកជននៅកម្ពុជា នឹងកាន់តែកើនឡើងជាលំដាប់ ដែលនឹងបន្តជម្រុញ ដល់ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាក់​ជាមិនខាន។

លោកបញ្ជាក់ទៀតថា «ជាក់ស្តែងអាគារមជ្ឍមណ្ឌល Center City Takhmao ដែលយើងប្រារព្ធនាឱកាសនេះ គឺជានិមិត្តរូបក្នុងការភាពរីកលូតលាស់ នៃវិស័យឯកជនថ្មីមួយថែមទៀត ដែលរាជរដ្ឋាភិបាលតែងតែ ចាត់ទុកវិស័យនេះ ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅជម្រុញ សកម្មភាពសេដ្ឋកិច្ច ការបង្កើតទីផ្សារការងារ និងការលើកម្ពស់ប្រាក់ចំណូលជូនប្រជាជន»

គួរបញ្ជាក់ថា គម្រោង Center City Ta Khmao គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Tang Kung Groups មានបទពិសោធន៍ក្នុងការទិញលក់ អចលទ្រព្យ និងអភិវឌ្ឍន៍អចលទ្រព្យ ដែលផ្ដោតសំខាន់ លើគុណភាព មុខគេបង្អស់នៅកម្ពុជា ជាមួយនឹងដៃគូសហការវិនិយោគ មកពីប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ The River Side Group នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្ដាលី៕