(ភ្នំពេញ)៖ មេធាវីរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចេញមកបដិសេធភ្លាមៗនូវព័ត៌មាន ដែលបានលើកឡើងថា ក្រុមគ្រួសាររបស់លោក ស៊ុន ចាន់ថុល ត្រូវគ្នាវិញជាមួយឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាជនជាប់ចោទសមគំនិតប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី ព្រមទាំងទទូចឲ្យតុលាការផ្តន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ ទៅតាមច្បាប់។

ការចេញមកច្រានចោលនូវការផ្សព្វផ្សាយនេះ បានធ្វើឡើងបន្ទាប់ពីព័ត៌មានក្នុងស្រុកមួយបានផ្សព្វផ្សាយអមជាមួយរូបស្រស់ស្រូបអាហារ និងថតរូបជុំគ្នារវាងក្រុមគ្រួសារលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឧកញ៉ា ខូវ ផល្លាបុត្រ និងបានសរសេរថា ក្រុមគ្រួសារលោក ស៊ុន ចាន់ថុល និងឧកញ៉ា ខូវ ផល្លាបុត្រ បានត្រូវគ្នាវិញហើយ ព្រមទាំងទទូចឲ្យតុលាការពិនិត្យសំណុំរឿង និងបន្ធូរបន្ថយទោសទៅលើឧកញ៉ា ខូវ ផល្លាបុត្រ។

ការចេញផ្សាយបែបនេះ បានធ្វើឡើងគ្រាដែល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងរៀបគម្រោង រំលោភសម្លាប់ភរិយា និង កូនស្រី លោក ស៊ុន​ ចាន់ថុល ដែលមានអ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។

មេធាវីរបស់លោក ស៊ុន ចាន់ថុល បានប្រាប់ Fresh News នៅមុននេះបន្តិចថា រូបភាព ដែលបានបង្ហាញលើទំព័រព័ត៌មាននោះ គឺបានថតក្នុងពេលក្រុមគ្រួសារ លោក ស៊ុន ចាន់ថុល ទៅមើលម្តាយបង្កើតឧកញ៉ា ខូវ ផល្លាបុត្រ សម្រាកព្យាបាលជំងឺនៅប្រទេសថៃកាលពីអំឡុងឆ្នាំ២០១៤ ហើយឧកញ៉ា ខូវ ផល្លាបុត្រ ក៏សុំថតរូបរួមគ្នាតែម្តង។

លោកមេធាវី បានអះអាងទៀត លោក ស៊ុន ចាន់ថុល មិនមានការត្រូវរ៉ូវណាមួយជាមួយឧកញ៉ា ខូវ ផល្លាបុត្រ ឡើងវិញនោះឡើយ ហើយលោកនៅតែទទូចឲ្យតុលាការផ្តន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ ទៅតាមច្បាប់ ចំពោះទង្វើដ៏ឃោរឃៅចំពោះក្រុមគ្រួសាររបស់លោក និងជាទង្វើដ៏អាក្រក់នៅក្នុងសង្គម៕