(ភ្នំពេញ)៖ លោក សោម អូន អនុប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា​ (CCNU) បានថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីបញ្ចប់សិក្ខាសាលា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះថា ក្រុមរបស់លោកក បានសម្តែងការគាំទ្រ ឱ្យមានច្បាប់សហជីពថ្មី ហើយស្នើដល់រដ្ឋសភាអនុម័តច្បាប់ សហជីពឱ្យបានឆាប់រហ័ស។

យ៉ាងណាក៏ដោយលោកបានបង្ហាញនូវកង្វល់របស់សហជីពនូវចំណុចមួយចំនួន ហើយបានស្នើដល់រដ្ឋសភាមេត្តាពិនិត្យបញ្ចូលចំណុចមួយចំនួនបន្ថែមទៀត ដែលកង្វល់ទាំងនោះ CCNU បានធ្វើជាញ្ញត្តិដាក់ជូនរដ្ឋសភារួចហើយ។

លោក សោម អូន បានបញ្ជាក់ថា «ក្រោយពីច្បាប់ស្តីពីសហជីពបាន យកមកអនុវត្តហើយនោះ នឹងមានអ្នកវិនិយោគថ្មីៗ មកបណ្តាក់ទុនរកស៊ីបន្ថែមទៀត ដោយសារតែច្បាប់ថ្មី បានការពារផលប្រយោជន៍ដល់ភាគីទាំងអស់»។ លោកក៏បានស្នើឲ្យក្រសួងការងារ និងអង្គការអន្តរជាតិ (ILO) រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើតយន្តការនានា លើការផ្សព្វផ្សាយច្បាប់នេះ ឲ្យបានទូលាយ យ៉ាងតិច៦ខែដល់មួយឆ្នាំ ដល់ក្រុមអង្គភាពវិជ្ជាជីវៈ គ្រប់ស្រទាប់កម្មករនិយោជិត ដើម្បីធានាការ អនុវត្តមានប្រសិទ្ធភាព និងតម្លាភាពស្របតាមការវិវឌ្ឍន៍រីកចម្រើនក្នុងវិស័យការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកស្រី ទេព គឹមវណ្ណារី ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) បានលើកឡើងនៅក្នុងអង្គសិក្ខាសាលាស្តីពី សេចក្តីព្រាងច្បាប់សហជីព នៅភោជនីយដ្ឋានទន្លេបាសាក់២ ភ្នំពេញថា ខ្លឹមសារអត្ថន័យ នៃសេចក្តីព្រាងច្បាប់សហជីព ដែលបានដំណើការពិភាក្សា ក្នុងយន្តការត្រីភាគីចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៦នេះ មានរយៈពេល៨ឆ្នាំមកហើយ ដោយបានពិភាក្សាជាច្រើនលើកច្រើនសា។ សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈល្អប្រសើរជាងការអនុវត្ត នាពេលបច្ចុប្បន្ន។

អ្នកស្រីបានបន្តថា «ដោយហេតុនេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា មានគោលជំហរគាំទ្រឱ្យមានច្បាប់សហជីពសំដៅ ធានាបាននូវសិទ្ធិសេរីភាព និងផលប្រយោជន៍ជូនកម្មករនិយោជិត ទោះបីមិនបាន១០០ភាគយដូចបំណងប្រាថ្នា របស់យើងក៏ដោយ ក៏ច្បាប់នេះជាខ្នាតមួយសម្រាប់វាស់ស្ទង់នូវការអនុវត្តរបស់យើងគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវ»

លោក ឈិន សូនី អនុប្រធានសហភាពសព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានធ្វើបទបង្ហាញទៅលើសេចក្តីព្រាងច្បាប់សហជីព លើបញ្ហា២ចំណុចគឺ ទីមួយចំណុចល្អប្រសើរនៃសេចក្តីព្រាងច្បាប់ និងទីពីរ បញ្ហាប្រឈមនៃសេចក្តីព្រាងច្បាប់ និងដំណោះស្រាយ។

លោក ឈិន សូនី បានបញ្ជាក់ថា «ចំណុចល្អនៅក្នុងមាត្រា១២ គឺបន្ថយការចុះបញ្ជីពី៦០ថ្ងៃមកត្រឹម៣០ថ្ងៃ ,មាត្រា២០បន្ថយអាយុមេដឹកនាំសហជីពពី២៥ឆ្នាំ មកត្រឹម១៨ឆ្នាំ,មាត្រា២៦ ការកាត់ប្រាក់ភាគទាន និងប្រាក់សេវាភ្ញាក់ងារ នឹងត្រូវកំណត់ក្នុងប្រកាសរបស់ក្រសួង , មាត្រា២៧ការថែរក្សាកំណត់ត្រាហិញ្ញវត្ថុ ដើម្បីធានាបានគណនេយ្យភាព និងតម្លាភាពនៃការគ្រ់គ្រងហិរញ្ញវត្ថុសហជីព, មាត្រា២៩មូលហេតុនៃការរលាយចោលសហជីពដោយតុលាការ ដោយបានកំណត់ជាក់លាក់ពីមូលហេតុ និងចំណុចសំខាន់មាត្រា៥៤ ភាពជាតំណាងបំផុតកំណត់សំឡេងសមាជិក គាំទ្រពី៥០ភាគរយមកត្រឹម៣០ភាគរយ»

លោក ឈិន សូនី បន្តថា បញ្ហាប្រឈមដែលជាកង្វល់របស់សហជីព គឺការរៀបចំធ្វើរបាយការណ៍ហិរញ្ញវត្ថុ ,ការកំណត់សំឡេង ភាពជាតំណាងមានភាពមិនច្បាស់លាស់ និងសុំឲ្យមានការពន្យល់និងបកស្រាយអំពីចំណុច នៃការទទួលខុសត្រូវ៕