(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឱ្យបើកកញ្ចប់ឯកសារ នៃការប្រកាសទ្រព្យសម្បត្តិរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដើម្បីស្រាវជ្រាវ «រឿងពុករលួយ» បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យលើសំឡេងខ្សែអាត់ ដែលផ្តល់ដោយក្រុមនិស្សិតបង្ហាញថា ជាសំឡេងពិតរបស់ លោក កឹម សុខា និងស្រ្តីវ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ យ៉ាងពិតប្រាកដ។

ការសម្រេចរបស់លោក ឱម យ៉ិនទៀង បានធ្វើឡើងបន្ទាប់មានកិច្ចពិភាក្សាស្តីពីការប្រកាសលទ្ធផល នៃការធ្វើកោសលវិច្ច័យលើសំឡេងខ្សែអាត់ ដែលគេសង្ស័យលើ លោក កឹម សុខា និងយុវតី ស្រីមុំ នៅអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានបណ្តឹងមួយទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្វើឡើងដោយក្រុមនិស្សិត កាលពីសប្តាហ៍មុន។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើង៣ចំណុច ក្រោយពេលបង្ហាញកោសលវិច្ច័យសំឡេងនោះ ក្នុងនោះមាន៖

ទី១៖ ការទទួលស្គាល់ថាសំឡេងក្នុងខ្សែអាត់ជាសំឡេងរបស់ លោក កឹម សុខា និងយុវតី ខុម ចាន់ដារ៉ាទី ហៅស្រីមុំ
ទី២៖ ACU ព្រមទទួលពាក្យបណ្តឹងរបស់ក្រុមនិស្សិតដែលបានប្តឹងលោក កឹម សុខា រឿងពុករលួយ
ទី៣៖ ACU នឹងបើកកញ្ចប់ឯកសារនៃការ ប្រកាសទ្រព្យសម្បត្តិ លោក កឹម សុខា ដើម្បីធ្វើការត្រួតពិនិត្យករណីពុករលួយ។

សូមបញ្ជាក់ថា លោក កឹម សុខា បានប្រកាសទ្រព្យសម្បត្តិចំនួន៣លើក ក្នុងនោះមានលើកទី១ នៅឆ្នាំ២០១១ លើកទី២នៅឆ្នាំ២០១៣ និងលើកទី៣ នៅឆ្នាំ២០១៥ ដែលការប្រកាសចំនួន៣លើកនោះ មិនមានហួសកំណត់ម្តងណាឡើយ។ នេះបើតាមមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិរបស់ ACU៕

ខាងក្រោមនេះជាការបង្ហាញលទ្ធផលនៃការធ្វើកោសលវិច្ច័យ និងវិធានការបន្តរបស់ ACU ដែលបង្ហាញដោយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖

ACU សម្រេចបើកការស៊ើបអង្កេត កញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិរបស់ លោក កឹម សុខា ដើម្បីស្រាវជ្រាវរឿងពុករលួយ៖

Posted by Fresh News on Wednesday, March 23, 2016