(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានកិត្តយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរបស់ខ្លួន យកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ជ្រោយចង្វារ ដើម្បីជួយកាត់បន្ថយការលំបាក របស់ពួកគាត់បាន មួយកម្រិតទៀត។

លោក ឃ្លាំង ហួត បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ថា អំណោយទាំងនេះ បានមកពីការឧបត្ថម្ភ ជូនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំង២ តែងតែគិតគូពីសុខទុក្ខ របស់រាស្រ្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៅពេលដែលជួបការលំបាក និងមានគ្រោះថ្នាក់អ្វីមួយកើតឡើង។

អំណោយដែលត្រូវយកទៅចែកជូន ប្រជាពលរដ្ឋទាំង៣៥គ្រួសារ រួមមាន ក្នុង១គ្រួសារទទួលបាន
- អង្ករ ៣០ គីឡូក្រាម
- មី ១កេសតូច
- ត្រីខ ១០កំប៉ុង
- ឃីត ១កញ្ចប់(មានម៉ុង១ ភួយ១ សារុង១ ក្រម៉ា១)
- ថវិកា ៥ម៉ឺនរៀល ។

បើតាមលោក ឃ្លាំង ហួត  សម្រាប់ខណ្ឌជ្រោយចង្វារ បានទទួលអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន៨០០គ្រួសារ។

 លោក ឃ្លាំង ហួត ដែលត្រូវបានគេមើលឃើញពីការស្រឡាញ់ និងការពាររាស្រ្ត ស្លូតត្រង់នៅខណ្ឌរបស់ខ្លួននោះ បានថ្លែងថា ក្នុងនាមប្រជាជនខណ្ឌជ្រោយចង្វារ ទាំងអស់សូមគោរពថ្លែងអំណរគុណសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្ដល់ជំនួយ ជូនដល់ប្រជាជន ទីទលក្រក្នុងខណ្ឌ ដែលកាយវិការ និងទង្វើទាំងនេះ ប្រជាជនទាំងអស់នឹងចងចាំរហូត។

លោកឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយ ចង្វារនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌជ្រោយចង្វារបានលើកឡើងថា ជានិច្ចជាកាលទី
ណាមានប្រជាពលរដ្ឋជួបទុកលំបាលទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច ពីព្រោះកាកបាទក្រហម កម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានដើរតួរយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់ហានិភ័យផ្សេងៗដែលកើតមានឡើងនូវទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក ឃ្លាំង ហួត បានលើកឡើងថា ចំពោះអំណោយដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាយកមកផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣៥គ្រួសារ តាមរយះកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារនេះ ថ្វីត្បិតតែមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយសម្រាលរាល់ទុក្ខលំបាក ជីវភាពប្រចាំថ្ងៃបានមួយចំនួន និងជាទឹកចិត្តដ៏កម្រមួយ ដែលថ្នាក់ដឹកនាំ បានមើលឃើញជាក់ស្ដែង ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រោយពីចែកជូននូវអំណោយដល់ប្រជា ពលរដ្ឋទីទាល់ក្រចំនួន៣០គ្រួសារ ក្នុងបរិវេណ វត្តប្រជុំសាគររួចហើយ លោក ឃ្លាំង ហួត និងក្រុមការងារ បានពាំនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា២០ម៉ឺនរៀលដើម្បីយកមកផ្ដល់ការចែកជូន ផ្ទាល់ដល់លំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋទីទាល់ក្រពិការភាព ចំនួន៥គ្រួសារទៀត ដែលកំពុងប្រឈម និងទុក្ខលំបាកវេទនាផ្សេងៗ នៅតាមគ្រួសារនីមួយៗ ផងដែរ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសំដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខណ្ឌដែលមានលោក ឃ្លាំង ហួត ជាអភិបាល ខណ្ឌ ជាតំណាងរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា៕

 

Posted by Sheet on Wednesday, March 23, 2016