(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានដេញបង្ក្រាប រហូតតាមចាប់ក្រុមចោរឆក់កាបូប របស់ជនរងគ្រោះ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ។

សកម្មភាពដេញបង្ក្រាបក្រុមចោរឆក់កាបូបទាំងនេះ បានធ្វើឡើងនៅវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅនៅមុខធានាគារអេស៊ីលីដា ខណ្ឌពោធិ៍សែនជ័យ តែត្រូវបានចាប់បាននៅស្តុបទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យចំនួន ២នាក់ រួមមានឈ្មោះ ទី១. មាស សុភ័ក្ត្រ អាយុ២៣ឆ្នាំ និងទី២ឈ្មោះ អ៊ុក ដារ៉ា អាយុ២១ឆ្នាំ ចំណែកបក្ខពួកវាចំនួនម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។ប៉ុន្តែរហូតដល់ម៉ោង០១៖៣០នាទី កម្លាំងនគរបាលបានឈានដល់ការចាប់ខ្លួនបក្ខ​ ពួកវាដែលបានគេចខ្លួននោះឈ្មោះ ឡុង វិសាល ហៅ គោ អាយុ២៣ឆ្នាំ។

ក្រោយចាប់ខ្លួនកម្លាំងនគរបាលបាន វត្ថុតាងដកហូតមាន កាបូបស្ពាយរបស់ជនរងគ្រោះ។​ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕