(ពោធិ៍សាត់​)៖​ សាកសពកុមារីម្នាក់​ ត្រូវបានគេប្រទះឃើញក្នុងទឹកស្ទឹងពោធិ៍សាត់​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ នៅរសៀល​ ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅចំណុចដងស្ទឹងពោធិ៍សាត់​ ម្តុំធ្វើពាង​ ស្ថិតនៅភូមិថ្នល់ជប៉ុន​ សង្កាត់រលាប​ ក្រុងពោធិ៍សាត់​។

លោក​ ឈន​ រិទ្ធ​ អធិការ​នគរបាលក្រុងពោធិ៍សាត់​ បានប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​ Fresh News នៅព្រឹកនេះថា​ ៖​ កុមារី​ដែលស្លាប់នោះមានឈ្មោះ​ ច្រឹក​ សៅនី​ អាយុ​៤ឆ្នាំ​ មានឪពុកឈ្មោះ​ វ៉ា​ ឡៃអ៊ី​ ​ អាយុ​៣៥ឆ្នាំ​ និង​ម្តាយឈ្មោះ​ ម៉ៅ​ សុភី​ ​ អាយុ​២៨ឆ្នាំ​ រស់នៅភូមិពេង​ ឃុំស្នាអន្សារ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ នៅថ្ងៃកើតហេតុខាងលើបានមកលេងផ្ទះបងប្អូន​ នៅភូមិថ្នល់ជប៉ុន​ សង្កាត់រលាប​ ក្រុងពោធិ៍សាត់​។

​ម្តាយកុមារីបានឲ្យដឹងថា​ មុន​ពេល​កើតហេតុ​ កូនរបស់គាត់​ បានអង្គុយលេងលើរានផ្ទះក្បែរស្ទឹង​ កាលពីវេលាម៉ោង​១រសៀល​ ភ្លាមៗនោះក៏បាត់កូន​ ក៏​នាំគ្នាផ្អើលឆោឡោ​តាមរក​ រហូតដល់ម៉ោង​៥៖៤០នាទី​​ ទើបរកឃើញសពក្មេងស្រីនៅក្នុងស្ទឹង​​។​

​នៅ​ពេល​សមត្ថកិច្ច​មក​ដល់​ ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ បាន​សន្និដ្ឋាន​ថា​ កុមា​រីរង​គ្រោះ​បាន​ស្លាប់​ដោយសាររអិលជើងធ្លាក់ចូលស្ទឹង​ ​ពិត​ប្រកដមែន​។

ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​ បានចាត់ឲ្យលោក​ ចាប​ នាង​ អភិបាលក្រុង​ពោធិ៍សាត់​ ចូលរួម​រំលែងទុក្ខដល់គ្រួសារសព​ និង​បានផ្តល់នូវថវិកា​១៤ម៉ឺន​រៀល និង​អង្ករ​៦០គីឡូក្រាម​ សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕