(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងស្រុកអង្គរធំ ព្រមទាំងក្រុមការងារបន្តឈរជើងជាប់ជាប្រចាំ ជួយសម្របសម្រួលជាមួយក្រុមការងារ ដែលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងនេះសម្រេចទៅបានតាមផែនការដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនោះ លោកឧត្តមសេនីយ៍ឯក ស ថាវី បានឈរជើងនៅទីតាំងចាក់វ៉ាក់សាំងក្នុងស្រុកអង្គរធំតាំងពីថ្ងៃទី១៦ ខែកក្កដា ដែលជាថ្ងៃបើកដំណើរការចាក់លើកដំបូង។

លោកឧត្តមសេនីយ៍ឯក ស ថាវី និងក្រុមការងារ បានជួយសម្របសម្រួល ផ្តល់នូវសម្ភារ និងផ្គត់ផ្គង់គ្រឿងហូបចុកផ្សេងៗ ដល់ក្រុមការងារចាក់វ៉ាក់សាំងជាប់ជាប្រចាំផងដែរ។

នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថាវី និងក្រុមការងារ បានផ្តល់សម្ភារមួយចំនួនបន្ថែមទៀត រួមមានអាល់កុល ១៥០លីត្រ, ក្បាំងមុខ២០០, ស្រោមដៃ ៤,០០០, ម៉ាស់ ៥,០០០, ធុងសំរាមធំតូចចំនួន ៦ និងបានឧបត្ថម្ភថវិកាបន្ថែម ២លានរៀលផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថាវី បានគូសបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងស្រុកអង្គរធំ ដំណើរការដោយភាពល្អប្រសើរ ហើយការចាក់ដូសទី១ ក៏ជិតរួចរាល់ផងដែរ។ លោកបានមើលឃើញផងដែរថា ក្រុមការងារចាក់វ៉ាក់សាំង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ក៏បានបង្កភាពងាយស្រួលដល់ការចាក់ នាំឱ្យការចាក់បានលឿន។

ប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងស្រុកអង្គរធំ បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំងមកពី កងពលតូចអន្តរាគមន៍លេខ៨ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ ដែលបានយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំង ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរ តាមផែនការរបស់រាជរដ្ឋាភិបាល៕