(សៀមរាប)៖ អ្នកភូមិពាមតាអ៊ួរជាង៣០០គ្រួសារ កំពុងចូលរួមក្នុងយុទ្ធនាការប្រមូលសំរាមប្លាស្ទិកចេញពីបឹងទន្លេសាប មុនរដូវទឹកឡើងចូលមកដល់។ ការងារធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការមូលនិធិទំពាំងស្នងឫស្សី និងអាជ្ញាធរឃុំកែវពណ៌ ស្រុកពួក។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទំពាំងស្នងឫស្សី យុទ្ធនាការខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដានេះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «បច្ចុប្បន្ន ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ មានការឆ្លងរីករាលដាលខ្លាំងក្នុងសហគមន៍ ដូច្នេះយើងមិនអាចរៀបចំពិធីបុណ្យអបអររដូវទឹកបឹងទន្លេសាបឡើងឆ្នាំនេះ ដែលជាព្រឹត្តិការណ៍យុទ្ធនាការប្រចាំឆ្នាំក្នុងការប្រមូលសំណល់ប្លាស្ទិកឱ្យបានមុនទឹកជំនន់ទន្លេសាបឡើងត្រឡប់មកវិញនោះទេ។ ប៉ុន្តែនេះមិនមានន័យថា សហគមន៍លិចទឹកក្នុងតំបន់ជុំវិញបឹងទន្លេសាប មិនអាចធ្វើការប្រមូលប្លាស្ទិកក្នុងសហគមន៍ពួកគេបាននោះដែរ»

ប្រធានអង្គការទំពាំងស្នងឫស្សី លោក ស៊ា សុផល ថ្លែងឱ្យដឹងថា សហគមន៍នឹងប្រមូលសំណល់បាស្ទិកទាំងនោះ ដែលត្រូវបានទុកចោល និងសេសសល់ពេលទឹកស្រក ដើម្បីកុំឱ្យវាហូរចូលក្នុងបឹងវិញ ពីព្រោះថា នៅពេលទឹកឡើង ប្រសិនបើយើងពុំប្រមូលនោះទេ វានឹងលេបយកសំណល់ប្លាស្ទិកទាំងនោះ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាបជាក់ជាមិនខាន។

លោក ស៊ា សុផល រំពឹងថា អ្នកភូមិពាមតាអ៊ួរ នឹងប្រមូលសំរាមបានប្រមាណ៣ពាន់ការ៉ុង ក្នុងព្រឹត្តិការណ៍បុណ្យអបអររដូវទឹកដំឡើង ដែលនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។ លោកបន្ថែមថា នៅខែវិច្ឆិកា ឆ្នាំ២០២០ អ្នកភូមិនេះប្រមូលសំរាមប្លាស្ទិកបានប្រមាណ២ពាន់ការ៉ុង ក្នុងព្រឹត្តិការណ៍បុណ្យទឹកសម្រក។

ក្រៅពីនេះ ប្រធានអង្គការរូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ដែលបានគាំទ្រគំនិតផ្តួចផ្តើមនៃកម្មវិធីបា្លស្ទិកប្តូរយកអង្ករ (Rice for Plastic, Harvest Plastic Only Program) ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំកែវព៌ណ និងបងប្អូនប្រជាសហគមន៍នេសាទភូមិពាមតាអ៊ួរនៃសហគមន៍មេជ្រៃ ដែលបានខិតខំការពារទន្លេសាបមួយនេះ។

ជាមួយគ្នានេះ ក្រោយពីចប់កម្មវិធីប្រមូលសំរាមហើយ អង្គការក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចែកអង្ករដល់សហគមន៍ផងដែរ។ កម្មវិធីនឹងចែកជាវគ្គៗ ដោយមិនចង់មានការប្រមូលផ្តុំក្នុងកាលៈទេសៈជំងឺកូវីដ១៩នេះ។

អង្គការទំពាំងស្នងឫស្សី ក៏អំពាវនាវដល់សប្បុរសជន ក៏ដូចជាក្រុមហ៊ុនអាជីវកម្ម ស្ថាប័នជាតិ អង្គការសមាគមនានា សូមចូលរួមគាំទ្រដល់សហគមន៍មេជ្រៃ តាមរយៈការផ្តល់ជំនួយជាអង្ករ និងសម្ភារផ្សេងៗ ព្រោះថា បច្ចុប្បន្នអង្គការនៅខ្វះអង្ករចំនួន៣តោនទៀត និងគ្រឿងឧបភោគបរិភោគដទៃសម្រាប់ផ្តល់ជូនប្រជានេសាទចំនួន៣២០គ្រួសារនៅភូមិនេសាទបណ្តែតទឹកពាមតាអ៊ួរនេះ៕