(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើទស្សនកិច្ច ជាផ្លូវការនៅប្រទេសរុស្ស៊ី អំឡុងខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការអះអាងនៅលើទំព័រ Facebook របស់សម្តេចតេជោ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅប្រទេសរុស្ស៊ី នៅខែឧសភា ត្រូវបានលើកទៅពិភាក្សាក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយលោក Arkady Vladimirovich Dvorkovich ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ក្រោយកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី១ នៅប្រទេសចិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ។

សូមជំរាបថា ក្នុងជំនួបទ្វេភាគីខាងលើនេះ មេដឹកនាំទាំងពីរបានលើកប្រធានបទ៥ចំណុចជជែកគ្នា ក្នុងនោះមានដូចជាទី១.គម្រោងដំណើរទស្សនកិច្ច សម្តេចតេជោ ទៅកាន់សហព័ន្ធរុស្ស៊ី នាខែឧសភា ឆ្នាំ២០១៦ ទី២.បញ្ហាបំណុលក្នុងសម័យសង្រ្គាម ទី៣.សំណើរបស់កម្ពុជាសុំចូលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization - SCO) និងសហភាពអឺរ៉ាស៊ី (Eurasian Union) ទី៤.ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ អាស៊ាន រុស្ស៊ី និង ទី៥.ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ីជាដើម៕