(ភ្នំពេញ)៖​ ជាអតីត​មន្ត្រីយោធា​ជើងអាកាស នៃកងយោធពលខេមរៈភូមិន្ទម្នាក់ នៅ​ថ្ងៃពុធទី២៣ ខែមីនា ឆ្នាំ២០១៦ ត្រូវបាន សាលាដំបូងរាជធានី ភ្នំពេញ ធ្វើការជំនុំជម្រះ ជាសាធារណៈ ពាក់ព័ន្ធនឹងការចេញ​សែក គ្មានសាច់ប្រាក់តម្លៃ​៥ម៉ឺន​​ដុល្លារ​  ឲ្យទៅដៃគូរកស៊ីឈើរបស់គាត់ម្នាក់ប្រព្រឹត្ត កាលពីឆ្នាំ ២០១០។   

លោក កោ វណ្ឌី  ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងអង្គសវនាការថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ ឆេង សុគន្ធា ភេទប្រុស មានមុខរបរមុនចាប់ខ្លួនជា មន្ត្រីយោធា និង ពាណិជ្ជករ រកស៊ីផ្នែកឈើប្រណិត។ នៅក្នុងរឿងក្តីនេះ ជនជាប់ចោទត្រូវបានជាប់ចោទពីបទ៖  មិន​​​​បំពេញ​កត​ព្វកិច្ច​​ចំពោះ​ឧបករណ៍ ដែលអាចជួញដូរបានតាមបញ្ញាតិមាត្រា ២៣១ នៃច្បាប់ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និងប្រតិបត្តិការទូទាត់ សង។ ២០១៦។  ចំណែកឯជាភាគីដើម​បណ្តឹង​នៅក្នុងរឿងក្តីនេះ មានឈ្មោះ លី ធីរិទ្ធិ ភេទប្រុស មានមុខរបរៈ ពាណិជ្ជករ និង មាន​មេធាវីតំណាង ដោយ អាណត្តិមានឈ្មោះ លោកសំ សុគង់។  

លោកចៅក្រម បានបញ្ជាក់ថា៖  ជនជាប់ចោទឈ្មោះ ឆេង សុគន្ធា  ត្រូវបានវចាប់ខ្លួន តាម ដីកាសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ មករា ឆ្នាំ ២០១៦។ នៅក្នុងរឿងក្តីនេះ ភាគីដើមបណ្តឹង ប្តឹងសុំឲ្យតុលាការសម្រេចផ្តន្ទាទោស ជនល្មើសតាមច្បាប់ និង ទាមទារ​ប្រាក់​ដើម ចំនួន៥ម៉ឺនដុល្លារអាមេរិករ និងថ្លៃជម្ងឺចិត្ត ចំនួន១ម៉ឺន​ដុល្លារ​អាមេរិក។  

ចំពោះ សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម  នៅ រសៀល ថ្ងៃ ទី ៣០ ខែ មីនា  ឆ្នាំ ២០១៦  ខាងមុខនេះ៕