(តាកែវ)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូន ប្រជាពលរដ្ឋដែលរស់ នៅតំបន់បិទខ្ទប់ ស្ថិតនៅភូមិអណ្តូងគៀន ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ។

ឆ្លៀតក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រចាំការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកគីរីវង់ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បាននាំយកអំណោយដ៏ថ្លៃថ្លាមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន១១០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ១យួរ ម៉ាស់ចំនួន០២ប្រអប់។

ដោយឡែក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិទទួលបានអង្ករចំនួន២០គីឡូក្រាម មីចំនួន០៥កេស ម៉ាស់ចំនួន០៥ប្រអប់ ទឹកសុទ្ធចំនួន០៥កេស ត្រីខ១យួរ ជេលចំនួន០២ដប ហើយក្នុងមួយភូមិទទួលបានអាល់កុលចំនួន៩០លីត្រ និងកងកម្លាំងនគរបាល ប្រជាការពារប្រចាំការតំបន់បិទខ្ទប់ចំនួន០២គោលដៅទទួលបានមីចំនួន១០កេស ទឹកសុទ្ធចំនួន១០កេស អាល់កុលចំនួន៣០លីត្រ និងម៉ាស់ចំនួន១០ប្រអប់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបានផ្តាំផ្ញើ ទៅកាន់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋនៅទីនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះវាបំប្លែងខ្លួនថ្មីងាយឆ្លងណាស់។

ទន្ទឹមនឹងនោះ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ លោកស្នងការ បានណែនាំអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕