(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចំពោះមរណភាពឪពុករបស់លោក គឺឧបាសក ឆៃ គឹមឆន។

តាមសារលិខិតរំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់ឧបសក ឆៃ គឹមឆន គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត។

សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ឆៃ គឹមឆន សូមឆាប់បានចាប់កំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧបាសក ឆៃ គឹមឆន ឪពុករបស់ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖