(ក្រចេះ)៖​​ អជ្ញាធក្រុងក្រចេះ បាននិយាយឲ្យថា ការអភិវឌ្ឍន៍ពង្រីកក្រុងក្រចេះថ្មី នឹងមិនបង្ក​ឲ្យមានការប៉ះពាល់ ដល់ដីកម្មសិទ្ឋិរបស់ប្រជាពលរដ្ឋ និងចរន្តទឹកហូរនោះទេ។

លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនានេះថា ការអភិវឌ្ឍន៍ក្រុងក្រចេះ ដែលកំពុងតែចាប់ផ្តើម ក្នុងពេលថ្មីៗនេះ គឺមិនបង្ក​ឲ្យមានផលប៉ះពាល់ដល់ដី ជាកម្មសិទ្ឋិ របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅនៅនេះទេ។

​លោកប្រធានមន្ទីរបានបន្តឲ្យដឹងថា ការអភិវឌ្ឍន៍នេះ គឺផ្អែកទៅលើប្លង់គោល ដើម្បីពង្រីកក្រុងក្រចេះនេះយើង បានសិក្សាតាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៥ ហើយធ្វើផ្សព្វផ្សាយ​ជាសាធារណៈ​រហូតដល់ឆ្នាំ២០១១។

លោកប្រធានមន្ទីរបានបន្តទៀតថា ប្លង់គោលនេះគឺរៀបចំឡើងយ៉ាងសុក្រិត ដោយមានការចូលរួមសិក្សា ពីក្រសួងរៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី ការចូលរួមសិក្សាលំអិតពីក្រុមនិស្សិត ព្រមទាំងមានការចូលរួមទាំងច្ចេកទេស និងថវិកាពីអង្គការជីអាយស្ហិត របស់ប្រទេសអាឡឺម៉ង។

លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ បាននិយាយឲ្យដឹងថា ក្នុងនាមអជ្ញាធរក្រុងលោក បានសំដែងការគាំទ្រទៅលើគំរោងនេះ ព្រោះថា ការអភិវឌ្ឍន៏នេះ គឺបានប្រាស់ចាកទៅលើប្លង់គោល ដែលមាន​ស្រាប់​នេះទេ ចំពោះប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលពួកគាត់កំពុងសំដែងក្តីកង្វល់ ពីការអភិវឌ្ឍន៏របស់អជ្ញាធខាងលើ ក្រុមការងារបច្ចេកទេស មានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសូរិយោ​ដី ព្រមទាំងជំនាញ និងព្យាយាមពន្យល់ និងដោះស្រាយជូនដល់ពួកគាត់។

លោក យិន វណ្ណៈ បានបន្តឲ្យដឹងថា រយៈពេលដ៏ខ្លីខាងមុខក្រុងក្រចេះ ដែលមានទីតាំងពីមុនតូចចង្អៀត ក្រោយពីមានការអភិវឌ្ឍន៍របស់គំរោងខាងលើ ក្រុងនិងសំបូរទៅ​ដោយហេដ្ឋារចនា​សម្ព័ន្ឋ​អគារ​ផ្ទះ​​ល្វែង ទីផ្សារ បេនឡាន និងផ្លូវថ្នល់ខ្វែងខ្វាត់ ហើយប្រជាពលរដ្ឋក្នុងក្រុង ក៏មានការរីកចម្រើនតាមគំរោងអភិវឌ្ឍន៍​នេះដែរ៕