(ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំយកអំណោយមនុស្សធម៌ រួមមានសម្ភារ និងគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជាតិ ២០០គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

ពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះ ធ្វើឡើងក្រោមវត្តមានលោក លី សារ៉ារឹទ្ធ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក ជូ តុងអាន អនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត និងឃុំស្រអែម តំណាងលោក ស្រី ឌឹក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកជាំក្សាន្ត រួមជាមួយក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោក លី សារ៉ារឹទ្ធ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។

លោក ជូ តុងអាន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅពេលនេះ គឺមកពីភូមិចំនួន៣រួមមាន៖ ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ចំនួន ១០៧គ្រួសារ ភូមិស្រអែម ចំនួន៣២គ្រួសារ និងភូមិចំបក់សែនជ័យមានចំនួន ២៩គ្រួសារ។

លោក ជូ តុងអាន បានបន្តថា ប្រជាពលរដ្ឋក្រីក្រទាំង៣ភូមិ ដែលមកទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជានៅពេលនេះ គឺដោយសារថ្មីៗនេះ ភូមិទាំង៣នេះត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដើម្បីការពារពីជំងឺកូវីដ១៩។ បន្ទាប់ពីភូមិទាំង៣នេះ ត្រូវបានបើកឡើងវិញ ក្រុមការងារចុះជួយឃុំស្រអែម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ដើម្បីទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ដូចដែលយើងកំពុងធ្វើពិធីចែកជាក់ស្តែងនៅពេលនេះ។

ជាងនេះទៅទៀត លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ជានិច្ច ការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដែលវិធានការដ៏មានប្រសិទ្ធភាពនោះ គឺត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ពីជំងឺកូវីដ១៩៕