(ព្រៃវែង)៖ អាជ្ញាធរខេត្តព្រៃវែង បានសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្ន ផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៥ថ្ងៃ ក្រោយមានអាជីវករលក់ដូរក្នុងផ្សារ ចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ១៩ ក្រោយពីមានអាការៈសង្ស័យ និងបានយកសំណាកធ្វើតេស្តរហ័ស (Rapid Test)។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្នផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ ចាប់ពីម៉ោង ០០៖០០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្នអាជ្ញាធរក្រុង និងសង្កាត់ កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ១៩»

បន្ថែមពីនេះរដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់បានប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងសូមប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីរកមេរោគកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»។

ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី៣៧អង្សា ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក ថប់ៗដង្ហើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖