(ភ្នំពេញ)៖ ការិយាល័យ «កយកា-KOICA» ប្រចាំនៅកម្ពុជា នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២០នាក់ មកពីក្រសួងកិច្ចការនារីកម្ពុជា ស្តីពី «ការអភិវឌ្ឍសមត្ថភាពរដ្ឋបាលលើគោលនយោបាយស្ត្រី»។ វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២១ មានរយៈពេល ១០ថ្ងៃ។

កយកា-KOICA ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះវិញ ដោយពិចារណាថា វានឹងមានការលំបាកក្នុងការអនុវត្តកម្មវិធីអញ្ជើញទៅបណ្តុះបណ្តាលដោយផ្ទាល់ នៅប្រទេសកូរ៉េនៅក្នុងឆ្នាំ២០២១ ដោយសារស្ថានភាពរាតត្បាតជំងឺកូវីដ-១៩។

គោលបំណងនៃការបណ្តុះបណ្តាលតាមអ៉ិនធឺណែត ឬ តាមប្រព័ន្ធអនឡាញ ទី១៖ លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពរដ្ឋបាល លើការការពារសិទ្ធិស្ត្រី និងសមភាពយេនឌ័រ, ទី២៖ ដើម្បីបង្កើតមូលដ្ឋាន សម្រាប់ពង្រីកវិសាលភាព នៃសកម្មភាពរបស់ អ្នកជំនាញគោលនយោបាយយេនឌ័រសកល តាមរយៈការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍគោលនយោបាយរបស់ស្ត្រី និងទី៣៖ បង្កើតសង្គមយេនឌ័រស្មើភាពគ្នា តាមរយៈការលើកកម្ពស់ការចូលរួមក្នុងសង្គម ការងារ តុល្យភាពជីវិតការងារ សុវត្ថិភាព និងសុខភាពសម្រាប់ស្ត្រី។

ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ រយៈពេល ១០ថ្ងៃនេះ សិក្ខាកាមទាំងអស់ នឹងរៀនអំពី ទី១៖ ការកំណត់អត្តសញ្ញាណ អំពីបញ្ហានាពេលបច្ចុប្បន្ននេះ តាមរយៈកាសិក្សាទៅលើរបាយការណ៍ ទី២៖ ស្វែងរកដំណោះស្រាយ តាមរយៈការរៀនសូត្រ ការពិភាក្សាតាមតាមប្រព័ន្ធអនឡាញ។ល។ និងទី៣៖ បង្ហាញផែនការសកម្មភាព នៅវគ្គសិក្ខាសាលាចុងក្រោយ។

នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។

កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្ត្រីរដ្ឋាភិបាលប្រហែល ៣,១០០នាក់ ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់កយកា-KOICA៕