(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ មន្ទីរកសិកម្ម រដ្ឋបាលព្រៃឈើ ប្រជាសហគមន៍ ដាំឈើបេង ធ្នង់ ជិត៨០០ដើម នៅភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ការដាំកូនឈើ គឺជាវប្បធម៌ និងជាប្រពៃណីដ៏ល្អកម្ររកបានរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយមកដល់បច្ចុប្បន្ន។

លោក វ៉ី សំណាង បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិយើងបានចាប់ផ្ដើមបោះជំហានទៅរកការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យព្រៃឈើក៏ត្រូវបានចាត់ទុកឈានមុខគេ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ព្រៃឈើមានដូចជា៖ ការកំណត់ព្រំប្រទល់ព្រៃ ការអភិវឌ្ឍធនធានព្រៃឈើ និងជីវៈចម្រុះ ការពង្រឹងអនុវត្តច្បាប់ស្ដីពីព្រៃឈើ កម្មវិធីសហគមន៍ព្រៃឈើ និងការផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកក្នុងការស្ដារលើវិស័យព្រៃឈើ និងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមគ្នានេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ការរៀបចំប្រារព្ធពិធីដាំដើមឈើ និងអបអរសាទរបុណ្យរុក្ខទិវាត្រូវបានគេកំណត់ យកថ្ងៃទី៩ កក្កដា ជារៀងរាល់ឆ្នាំមកដល់បច្ចុប្បន្ន។

លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះខណ្ឌរដ្ឋបាលព្រៃឈើមានថ្នាលបណ្ដុះកូនឈើសរុបចំនួន១៣ កន្លែង ដែលបានបណ្តុះកូនឈើចម្រុះប្រភេទ គ្រប់ប្រភេទបានចំនួន២១,៩៣៦ដើម បានបែងចែកជូនប្រជាពលរដ្ឋ វត្តអារាម សាលារៀន និងអង្គភាពនានា នៅក្នុងខេត្តអស់ចំនួន៣២៦០ដើម នៅសល់ក្នុងថ្នាលចំនួន ១៨,៦៧៦ដើម និងត្រៀមចែកជូនប្រជាពលរដ្ឋបន្ត។

ប្រធានមន្ទីរបានបន្តថា ក្នុងការងារបង្ក្រាបបានបង្ក្រាបបទល្មើសព្រៃឈើបានចំនួន២០ករណី ក្នុងនោះបទល្មើសដឹកជញ្ជូនចំនួន០៧ករណី បទល្មើសការកាប់រុករានព្រៃចំនួន០៥ ករណី បទល្មើសបង្កើតរោងម៉ាស៊ីនអារឈើចំនួន ០៥ករណី បទល្មើសខួងយករ៉ែចំនួន០៣ករណី។ ចំពោះលទ្ធផលការងារទប់ស្កាត់ និងលុបបំបាត់ និងបង្ក្រាបការរុករានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីដើម្បីយកធ្វើជាកម្មសិទ្ធិ នៅឆមាសទី១ ឆ្នាំ២០២១នេះវិញ បានចុះស្រង់ស្ថិតិដីព្រៃឈើ ដែលបានកាប់ហ៊ុមព័ទ្ធ ធ្វើជាកម្មសិទ្ធិនៅក្នុងដីសហគមន៍ និងដីក្រុមហ៊ុនសរុបបានចំនួន៦៩ ហិកតា ០៨២៩ និងបានចងក្រងសំណុំឯកសារបទល្មើសព្រៃឈើបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បានចំនួន០៥ករណី៕