(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខជូន លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន។

តាមរយៈសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «តាងនាមថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានហប្ញទ័យតក់ស្លុត និងក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងស្តីពីគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ កើតឡើងនៅទីក្រុង Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន ដែលបណ្តាលឱ្យប្រជាជនមានការរងគ្រោះបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង»

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ «នៅឱកាសដ៏សោកសៅ និងមានទុក្ខព្រួយនាពេលនេះ យើងខ្ញុំសូមសម្ដែងនូវហឬទ័យសោកសង្រេង និងសូមចូលរួមរំលែកទុក្ខដ៏ធ្ងន់ធ្ងរ ជាមួយឯកឧត្តម ប្រធានាធិបតី ប្រជាជន និងរដ្ឋាភិបាលចិន ព្រមទាំងក្រុមគ្រួសារសព និងជនរងគ្រោះទាំងអស់»

សូមជម្រាបថា អាជ្ញាធរចិននៅព្រឹកថ្ងៃពុធកន្លងទៅ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ ខណៈមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារផ្នែកខ្លះ នៃភាគកណ្ដាលប្រទេសចិន។ បើតាមអាជ្ញាធរចិន មនុស្ស១២នាក់ ដែលបានបាត់បង់ជីវិតនោះ ត្រូវបានគេរាយការណ៍ចេញពីទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្ត ហឺណាន (Henan) ខណៈប្រជាជនជាង ១ម៉ឺននាក់ទៀត នៅក្នុងខេត្តនោះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលសុវត្ថិភាពហើយ។

អាជ្ញាធរខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសភាពអាសន្នកម្រិតខ្ពស់បំផុត ចំពោះបញ្ហាអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងចំនួន១២ បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបង្ខំចិត្តលុបចោលផងដែរ។

បរិមាណទឹកភ្លៀងក្នុងរយៈពេល ០៣ថ្ងៃចុងក្រោយនៅក្នុងទីក្រុង Zhengzhou ត្រូវបានគេរាយការណ៍ថា មានចំនួនប្រហាក់ប្រហែលនឹងបរិមាណទឹកភ្លៀង នៅក្នុងរយៈពេល ០១ឆ្នាំពេញ។ ព្យុះភ្លៀងត្រូវបានគេព្យាករណ៍ថា នឹងបន្តវាយប្រហារនៅក្នុងតំបន់ យ៉ាងហោចណាស់ ២៤ម៉ោងបន្ទាប់ទៀត។ ដោយឡែកទីក្រុង ឡយ៉ាង (Luoyang) ក៏ទើបចេញសេចក្តីព្រមាន ពីការបាក់ទំនប់វារីអគ្គិសនីដ៏ធំមួយផងដែរ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក និងកម្រិតទឹកកើនឡើងខ្ពស់ហួសប្រមាណ៕