(កណ្ដាល)៖ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា មន្ត្រីត្រូវបំរើសេវាសាធារណ:ឲ្យបានល្អដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានច្រើន ឆ្ពោះទៅកាន់ការបង្កើនសេដ្ឋកិច្ចរីកលូតលាស់ទៅមុខ ក្នុងទិសដៅបង្កើតការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅទឹកដីក្រុងតាខ្មៅឲ្យបានផុសផុលឡើង ព្រោះព្រលានយន្តហោះភ្នំពេញថ្មីនៅមិនឆ្ងាយឡើយ ហើយជាដែកឆក់ដ៍ខ្លាំងក្លាមួយសំរាប់ ឆក់អ្នកវិនិយោគទាំងឡាយមកដាក់ទុករកស៊ី។

លោកអភិបាលខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រគល់អំណោយ និងសំណេះសំណាលដល់ក្រុមកម្មករចុះនួន១០០នាក់ នៃបុរី ML TIRA តាមបណ្ដោយផ្លូវលេខ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា បន្ទាប់ពីការកសាងព្រលានយន្តហោះភ្នំពេញថ្មីនៅក្បែរក្រុងតាខ្មៅ គេសង្កេតឃើញថាវិស័យអចលនទ្រព្យហាក់កក្រើកឡើងវិញបណ្ដើរៗហើយ ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃនៃសន្តិភាព និងក្រោមស្នាដៃដឹកនាំនៃមគ្គុទេសឯករបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវានេះឲ្យស្គាល់នូវសុខសន្តិភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអចលនទ្រព្យក៍មានការផុសផុលផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការលេចចេញរូបរាងឡើងនូវបុរី ML TIARA នៅក្រុងតាខ្មៅនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការដំណើរការឡើងវិញបណ្ដើរៗហើយនូវវិស័យអចលនទ្រព្យនៅក្រុងតាខ្មៅ ដែលបានញ៉ាំងឲ្យមានការ ផុសផុល នូវការកសាងនូវបុរីនានាផ្សេងទៀត ព្រមទាំងការរីកចំរើនយ៉ាងផុសផុលជាបន្តបន្ទាប់ ព្រោះព្រលានយន្តហោះភ្នំពេញថ្មីជាដែកឆក់យ៉ាងអស្ចារ្យ ស្រូបទាញនូវការរីកចំរើន ឆក់យកបេះដូងវិនិយោគិនជាច្រើន ឲ្យចាប់អារម្មណ៍ទឹកដីក្រុងតាខ្មៅ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោកអភិបាលខេត្តបានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមទាំងអស់ត្រូវបង្ករភាពងាយស្រួលដល់រាល់បណ្ដាអ្នកវិនិយោគទាំងអស់ ដែលមានបំណងមកបណ្ដាក់ទុកវិនិយោគនៅខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅទៅលើវិស័យអចលនទ្រព្យ ក្នុងទិសដៅធ្វើយ៉ាងណា បង្កើនវិនិយោគលើវិស័យអចលនទ្រព្យឲ្យកាន់តែរីកចំរើនឡើងៗទៅមុខជាលំដាប់។

ស្ថិតក្នុងឱកាសចុះសំណេះសំណាលនេះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើរដល់ក្រុមកម្មករទាំង១០០នាក់ដែលកំពុងសាសង់បុរីនេះ សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តន៍នូវវិធាន៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ទាំងអស់គ្នា ដើម្បីរួមគ្នាកំចាត់ការឆ្លងជម្ងឺកូវីដ១៩ឲ្យអស់ពីកម្ពុជាយើង។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូមដល់កម្មករ-កម្មការិនី ទាំង១០០នាក់ ក្នុងម្នាក់ៗទទទួលបានថវិកា ៤០ ,០០០រៀល, អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ម៉ាស០១ប្រអប់ និងអាល់កុល១ដប៕