(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សា លោក ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកស្រី អមដំណើរដោយលោក ហុក ប៊ុនលី នាយករងខុទ្ទកាល័យ លោកនីតិកោសលបណ្ឌិតអនុប្រធានទី១ រដ្ឋសភា បាននាំយកបរិក្ខារ ទេយ្យទាន និងបច្ច័យទៀនចំណាំព្រះវស្សាចំនួន២៤គូ ដែលជាសទ្ធាជ្រះថ្លា របស់កិតិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាល១ត្រីមាស នៅក្នុងខេត្តកំពង់ធំ ។

បរិក្ខារ ទេយ្យទាន និងបច្ច័យទៅវេរប្រគេនដល់ ព្រះសង្ឃដែលគង់ចាំព្រះវស្សារអស់កាលត្រីមាស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ រួមមាន ទៀនព្រះវស្សាចំនួន២៤គូ ដល់ព្រះសង្ឃចំនួន១២វត្ត ក្នុងស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ហើយពិធីនេះបានធ្វើឡើងទៅតាមទំនាមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនាក្នុងវត្ត ឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ។

ដោយក្នុងមួយវត្តទទួលបាន ទឹកសុទ្ធ៥កេស, ទឹកស៉ីអ៉ីវ៥យួរ, ទឹកត្រី៥យួរ, មី៥កេស, ទឹកក្រូច៦ដប, ទឹកដោះគោ២០កំប៉ុង, អង្ករ១០០គីឡូ, ទៀនវស្សា១គូ និងប្រគេនបច្ច័យ ព្រះមេគុណខេត្ត២០ម៉ឺនរៀល និងជូនលោកតាជី យាយជី២០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ។

បើទោះបីជាស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅបន្តយាយីក្នុងប្រទេសក៏ពិតមែន ក្នុងនាមជាពុទ្ធសាសនិកជន ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ នៅតែគោរពប្រតិបត្តិតាមគន្លងប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាពិសេសក្នុងរដូវកាល នៃព្រះវស្សានេះ ដែលយើងទាំងអស់គ្នាតែងតែប្រគេននូវទៀនព្រះវស្សា និងទេយ្យទានទាំងឡាយសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សារយៈកាល៣ខែ ក្នុងទីអារាម ដោយមិនអាក់ខាន។

លោក ងួន សុជាតិ ថ្លែងផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោកបណ្ឌិត ងួន ញ៉ិល ចំពោះព្រះមេគណខេត្ត ព្រះអនុគណស្រុក-ក្រុងទាំង១២វត្ត និងប្រគេនជូនពរសូមមានសុខភាពល្អ និងសូមមានជន្មាយុយឺនយូរជាងរយព្រះវស្សាគ្រប់ៗព្រះអង្គ និងលោកតា លោកយាយគ្រប់ៗគ្នា។ ក្នុងឱកាសនោះ លោកបានទូលសូមព្រះសង្ឃបន្តចូលរួមអនុវត្តន៍ តាមការណែនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ និងក្រសួងសុខាភិបាល ដើម្បីជៀសឲ្យផុតពីជំងឺដ៏គ្រោះថ្នាក់នេះ៕