(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក លី សុខគួង តំណាងលោក សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង បាននាំយកម៉ាស់ចំនួន ១០០,០០០សន្លឹក អាល់កុល ៣,០០០លីត្រ និងម៉ាស៊ីនសម្លាប់មេរោគ ០២គ្រឿង ជាអំណោយរបស់លោក សុខ វាសនា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងការឆ្លងជម្ងឺកូវីត-១៩។

នៅក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ល្អប្រពៃ របស់ថ្នាក់ដឹកនាំក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ដែលបានចូលរួមបរិច្ចាកសម្ភារៈ ធនធាន ប្រកបដោយកាយវិការមនុស្សធម៌ ស្របពេលតម្រូវការចាំបាច់ចំពោះមុខនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីករណីវិជ្ជមានអ្នកជំងឺកូវីដ១៩ចំនួន ៤៧នាក់ ជាសះស្បើយចំនួន៤១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលចេញផ្សាយដោយក្រសួងសុខាភិបាលថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែកក្កដានេះ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺចំនួន ២,២០៥ នាក់ ព្យាបាលជាសះស្បើយចំនួន ១,២៤៤នាក់ ស្លាប់ចំនួន ២៥នាក់ និងកំពុងព្យាបាលចំនួន ៩៣៦នាក់។

រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕