(ប៉ៃលិន)៖ កសិកររស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅខេត្តប៉ៃលិន បាននាំគ្នាចាប់ផ្តើមប្រមូលផលដំណាំពោតក្រហមជាបន្តបន្ទាប់ដោយតម្លៃទីផ្សារហាក់ដូចជាឡើងខ្ពស់ជាងឆ្នាំមុនបន្តិច។ នេះបើយោងទៅលើការអះអាងរបស់កសិករ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាកសិករមួយចំនួន ដែលកំពុងប្រមូលផលពោតក្រហមបានប្រាប់ថា ពួកគាត់ជួបការលំបាកបញ្ហាគ្រោះធម្មជាតិ មិនអំណោយផលធ្វើឱ្យដំណាំរបស់គាត់ជួបបញ្ហារហូតដូចជាចៃ និងដង្កូវហ្វូង មកបំផ្លាញហើយម្យ៉ាងទៀត ដោយសារតែមេឃភ្លៀងធ្លាក់រាល់ថ្ងៃជាប់ៗគ្នា បណ្តាលឱ្យជាំទឹកក្នុងចម្ការពោត ធ្វើឱ្យខូចខាតដំណាំពោត យ៉ាងដំណំបន្ទាប់មកក៏រាំងរហូតស្វិតស្រពោនអស់ធ្វើឱ្យបាត់ទិន្នផលយ៉ាងច្រើន។
លោកស្រី ប៊ុត ស្រីអូន ជាកសិករក្នុងភូមិកូនភ្នំ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា ឆ្នាំនេះគាត់ពិតជាមានការខាតបង់អស់ច្រើន ដោយសារចំណាយថវិកាទិញ ទិញពូជគ្រាប់ពោតដាំនៅលើដី៤ហិកតា ដោយសង្ឃឹមថា នៅពេលប្រមូលផល អាចនឹងលក់បានប្រាក់ខ្លះៗ សម្រាប់យកទៅសងជំពាក់គេ ហើយសល់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែដោយសារគ្រោះធម្មជាតិភ្លៀងខ្លាំង ធ្វើឱ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង ហើយមើលទៅមិនអាចរកថវិកាសងជំពាក់គេរួចរាល់នោះឡើយ។
លោកស្រីបានបន្តថា ការជួលកម្មករកាច់ពោតនេះដែរ គឺក្នុង១ធុង តម្លៃ៧០០រៀល ដោយក្នុង១ថ្ងៃ ពួកគាត់អាចកាច់ពោតបានម្នាក់ៗប្រហែលជាង ៣០ទៅ ៤០ធុង គិតជាលុយប្រមាណជិត៣ម៉ឺមរៀលប៉ុណ្ណោះ។
ដំណាំពោតក្រហមនៅឆ្នាំ២០២១នេះ មិនសូវទទួលផលច្រើនដូចឆ្នាំមុននោះទេ ដោយសារតែពេលពោតកំពុងលូតលាស់មានសត្វពីងពាងក្រហម និងដង្កូវហ្វូងមកបំផ្លាញ និងម្យ៉ាងទៀតនៅឆ្នាំនេះរបបទឹកភ្លៀងមិនទៀងទាត់ ពោលគឺពេលភ្លៀងក៏ភ្លៀងជាប់ៗគ្នារាល់ថ្ងៃបណ្តាលឱ្យរលួយជួនខ្លះរាំងបណ្តាលឱ្យក្រៀមស្វិតទើបមិនសូវបានផល។ ដោយសារមូលហេតុនេះហើយទើបឆ្នាំនេះកសិករដែលដាំពោតមានការរអូររទាំសឹងគ្រប់ៗគ្នា។
ចំណែកតម្លៃនៅទីផ្សារវិញពោតក្រហម ១គីឡូក្រាមឈ្មួញទិញ ៥.២បាត (ប្រាក់ថៃ) ស្មើជាង៦០០រៀល ក្នុង១គីឡូក្រាម ដែលមានការឡើងជាងឆ្នាំមុនបន្តិច៕