(កំពង់ស្ពឺ)៖ បើទោះបីក្នុងដំណាក់កាល នៃបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងលំបាកលំបិនយ៉ាងណាក្ដី តែនៅព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២១នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ បាននាំអំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋក្នុងករណីខ្យល់កន្ត្រាក់ដែលបណ្ដាលឲ្យបាក់រលំផ្ទះជាច្រើនខ្នង នៃស្រុកបសេដ្ឋ និងស្រុកគងពិសី។

ជាមួយគ្នានេះ អភិបាលខេត្ត និងក្រុមការងារក៏បានពាំនាំអំណោយជាច្រើនមុខ ដើម្បីជួយដោះស្រាយ និងសម្រាលទុក្ខលំបាក ការរស់នៅប្រចាំថ្ងៃបន្ទាប់ពីផ្ទះត្រូវបានរលំជាច្រើនខ្នង។

លោកអភិបាលខេត្តកំពង់ស្ពឺ បានផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូន និងការអធ្យាស្រ័យយោគយល់ចំពោះការដោះស្រាយ ករណីរលំផ្ទះដោយខ្យល់កន្ត្រាក់នេះ មានភាពយឺតយ៉ាវបន្តិច នេះដោយសារករណីមានបញ្ហាការឆ្លងនៃជំងឺកូវីដ១៩។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាថែរក្សាអនាម័យក៏ដូចជា ការការពារពីជំងឺកូវី១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

លោកអភិបាលខេត្ត បានលើកឡើងថា ស្រែមិនទាន់មានទឹកទេ ប៉ុន្តែផ្ទះដួលជាច្រើនខ្នងហើយ។ ជាក់ស្តែងព្រឹកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បាននាំអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅស្រុកគងពិសីចំនួន១១ គ្រួសារ និងស្រុកបរសេដ្ឋចំនួន៣៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

អំណោយរួមមាន៖ អង្ករ, មី, ត្រីខ, ទឹកដោះគោ, ទឹកត្រី, ទឹកស៊ីអ៊ីវ, នំធុង, ប្រេងឆា, តង់ និងថវិកាមួយចំនួន។

លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក យើងនឹងទទួលរងឥទ្ធិពលព្យុះទី៧ ជាបន្តទៅទៀត ដូច្នេះសូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ពិសេសជាងគេនោះ គឺយកចិត្តទុកដាក់លើចាស់ជរា និងក្មេងៗ៕