(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៤នាក់បានស្លាប់ និងជាសះស្បើយ ១២០នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី១០ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៤៥ ដល់ទី៤៩ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៥០ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។

ករណីទី៥១ ដល់ទី៥៦ ករណីមានប្រភពចម្លងចេញពីផ្សារស្រែណូយ, ករណីទី៥៧ ដល់ទី៦១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន, ករណីទី៦២ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តព្រះសីហនុ, ករណីទី៦៣ ជាករណីឆ្លងបន្តពីសពឈ្មោះ ជ័យ យ៉េន និងករណីទី៦៤ ដល់ទី៨៤ ជាករណីឆ្លងបន្តពីអ្នកជំងឺពលករឈ្មោះ ថាំង វណ្ណា។

ករណីទី៨៥ ដល់ទី៩១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី៩២ ដល់ទី៩៨ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជំងឺដែលជាសះស្បើយទាំង១២០នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

អ្នកស្លាប់ដោយជំងឺកូវីដ១៩ ទាំង៤នាក់ មានរាយនាមដូចខាងក្រោម៖

១៖ ឈ្មោះ MANN JOE MARLON ភេទប្រុស អាយុ៥៩ ឆ្នាំ សញ្ជាតិ អាមេរិក អាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានស្លាប់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣៖០០នាទី ហើយក្រុមគ្រូពេទ្យ បានយកសំណាកតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧៖៥០នាទី ដោយទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។
២៖ ឈ្មោះ អ៊ុ ស្រី ភេទស្រី អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
៣៖ ឈ្មោះ អាំង គឹមហួរ ភេទប្រុស អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
៤៖ ឈ្មោះ សូរ នួម ភេទប្រុស អាយុ៦១ឆ្នាំ អាសយដ្ឋាននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣,៣១៧នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១,៤៩៦នាក់ ស្លាប់ ៣១នាក់ និង ១៧៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕