(កណ្ដាល)៖ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះចាប់គ្រឿងចក្រ ចំនួន៤គ្រឿង ដែលលួចកាយដីបឹងសាធារណៈរបស់រដ្ឋដែលជាដីបឹង មាន ស.ជ.ណ លេខ៧៥ នៅឃុំស្វាយប្រទាល ក្រោយប្រជាពលរដ្ឋប្ដឹងតវ៉ាករណីនេះទៅអាជ្ញាធរ។

លោកអភិបាលរងស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ថា «ក្រោយទទួលដំណឹងថាមានជនអនាមិកបានមកកាយដីបំណងព័ទ្ធយកដីបឹងសាធារណៈរបស់រដ្ឋដែលមាន ស.ជ.ណ លេខ៧៥រួចមក លោកបានសុំគោលការណ៍ ពីលោកអភិបាលស្រុក អ៊ូ ឈាង ដើម្បីដឹកនាំកម្លាំងចម្រុះចុះទៅចាប់ឃាត់គ្រឿងចក្របានចំនួន៤គ្រឿង យកទៅរក្សាទុកនៅឯសាលាស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី»។

លោកបានអះអាងថា បន្ទាប់ពីចាប់ហើយរួចមក គិតមកដល់យប់ថ្ងៃនេះ ម្ចាស់គ្រឿងចក្រពុំទាន់ចេញមុខដោះស្រាយនៅឡើយទេ ខណៈគេពុំទាន់បានស្គាល់ថានរណាជាម្ចាស់គ្រឿងចក្រនៅឡើយ។

លោកបញ្ជាក់ទៀតថា លោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្ត ហើយសុំគោលការណ៍ចាត់ការតាមនីតិវិធី ចំពោះករណីរំលោភបំពាននេះ។

គួរជម្រាបថា បើតាមការអះអាងពីប្រជាពលរដ្ឋនៅម្ដុំនោះ បានឱ្យដឹងថា គេឃើញគ្រឿងចក្រនេះបានចូលកាយដីព័ទ្ធធ្វើព្រុំ ដើម្បីយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៣ថ្ងៃមកហើយ។ អ្នកដែលមានបំណងរំលោភយកដីរដ្ឋនេះ ជាអ្នកមានអំណាចម្នាក់ផងដែរ៕