(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពិនិត្យ និងព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ជូនកុមារដ៏ច្រើននៅកម្ពុជា។

ការវាយតម្លៃខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួម ពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំង-សមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព របស់មូលនិធិ និងដំណើរការនៃការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើការខិតខំ ប្រឹងប្រែងបំពេញការងារពិនិត្យ និងព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាជូនកុមារដ៏ច្រើន និងបានលើកទឹកចិត្ត ឱ្យបន្តខិតខំបំពេញការងារ ដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សី របស់ប្រទេសជាតិ។

អគ្គបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ លើការខិតខំប្រឹងប្រែងបំពេញការងារកៀរគរការបរិច្ចាគ នាពេលកន្លងមក និងបានណែនាំឱ្យលេខាធិការដ្ឋាន ខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយ ដល់សាធារណជនឱ្យបានយល់ដឹងអំពីវត្តមាន និងសារៈសំខាន់របស់ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្នុងគោលដៅកៀរគរវិភាគទាន សប្បុរសធម៌បន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តរួមចំណែកទ្រទ្រង់ប្រតិបត្តិការ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី «ខ្មែរជួយខ្មែរ» ឱ្យបានកាន់តែទូលំទូលាយ។

«មូលនិធិគន្ធបុប្ផាកម្ពុជា» ក្នុងនោះបានសម្រេចបានលទ្ធផលសំខាន់ៗរួមមាន៖

១៖ វឌ្ឍនភាពនៃការទទួលថវិកាបរិច្ចាគ និងរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១, «មូលនិធិគន្ធបុប្ផាកម្ពុជា» បានទទួលថវិកាបរិច្ចាគសរុបចំនួនប្រមាណ១៥,៧ លានដុល្លារអាមេរិក កើនឡើង៩.៧០% បើធៀបទៅនឹងរយៈពេល៦ខែដំបូងក្នុង ឆ្នាំ២០២០។ ជាមួយគ្នានេះថវិកា ដែលមិនទាន់យកទៅប្រើប្រាស់ ក៏ត្រូវបានវិនិយោគជា ការដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារពាណិជ្ជ ដែលការប្រាក់ដែលទទួលបាន ត្រូវបានចាត់់ទុកថា ជាចំណូលបន្ថែមរបស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ទន្ទឹមនេះត្រឹមរយៈពេល៦ខែដំបូងនៃ ឆ្នាំ២០២១នេះ, «មូលនិធិគន្ធបុប្ផាកម្ពុជា! ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យ ជាបន្តបន្ទាប់ដែលមានចំនួន សរុបប្រមាណជាង ៤លានដុល្លារអាមេរិក។ ត្រឹមរយៈពេលដូចគ្នានេះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ទទួលបានសមាជិកចំនួន៦២,២៨៥ នាក់។

សូមបញ្ជាក់ថា «របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់មូលនិធិគន្ធបុប្ផាកម្ពុជា» ត្រូវបានដាក់ឱ្យធ្វើសវនកម្ម ដោយក្រុមហ៊ុនសវនកម្មលំដាប់អន្តរជាតិ PriceWaterhouseCooper ដែលសវនករឯករាជ្យបានផ្តល់មតិថា «តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមគោលការណ៍គណនេយ្យ» ដោយមិនមានភាពខុសឆ្គង និងក្លែងបន្លំឡើយ។

២៖ សកម្មភាពផ្សព្វផ្សាយ និងទិសដៅក្នុងការកៀរគរការបរិច្ចាគ

ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩, លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តផ្តោតសំខាន់លើការអនុវត្តសកម្មភាព បំផុសចលនាកៀរគរការបរិច្ចាគ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងប្រមូលវិភាគទានសប្បុរសធម៌ ក៏ដូចផ្សព្វផ្សាយជាសាធារណៈ អំពីមូលនិធិដោយមានសកម្មភាពចម្បងៗដូចជា៖

* កិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាដៃគូ ក្នុងការទទួលការបរិច្ចាគជា E-donation,.
* ការផលិតវីដេអូផ្សព្វផ្សាយដែលមានភាពសម្បូរបែប.
* ការរៀបចំយុទ្ធនាការ និងកម្មវិធីនានា ជាពិសេសកម្មវិធីដែលមានការចូលរួមសហការ និងគាំទ្រដោយបណ្តាក្រុមហ៊ុននានា ដើម្បីផ្សព្វផ្សាយ និងប្រមូលការបរិច្ចាគ។
* ការបន្តដាក់ហិបទទួលការបរិច្ចាគ នៅតាមទីសាធារណៈ ជាពិសេសផ្សារទំនើប និងភោជនីយដ្ឋាននានា ។

បន្ថែមលើវឌ្ឍនភាព និងទិសដៅការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមប្រឹក្សាបរធនបាល ក៏បានទទួលនូវរបាយការណ៍ អំពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២១នេះ ដែលក្នុងនោះមន្ទីរពេទ្យបានទទួលព្យាបាលចំនួនជាង ២២៦១៩៤នាក់ ដែលករណីជំងឺធ្ងន់មានចំនួន ៤៥០៧៥នាក់ បានសម្រាកព្យាបាល និងចំនួន១០១៩០ នាក់ទទួលការវះកាត់។

ក្នុងនោះផ្នែកសម្ភព មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានទទួលពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះចំនួន៤១៨៥៥នាក់ និងបានទទួលសម្រាល កូនចំនួន១០៣២៣នាក់។

ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, មន្ទីរពេទ្យបានរៀបចំសម្រួលហេដ្ឋា-រចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ ក្នុងការព្យាបាលអ្នកជំងឺដែលរកឃើញមេរោគកូវីដ១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យ និងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាបផងដែរ៕