(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១នេះ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូន កាកបាទក្រហមវៀតណាម តាមរយៈ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង ប្រជាជន កាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសវៀតណាម ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ជាពិសេស នៅក្នុងទីក្រុងហូជីមិញ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោតសរសេីរចំពោះ បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមវៀតណាម និងក្រុមគ្រូពេទ្យវៀតណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លេីយតប ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យឆាប់បានរលាយសាបសូន្យពីភពផែនដីយេីងនេះ។

ស្ថិតក្នុងឱកាសនោះដែរ លោក VU QUANG MINH ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ជំនួសមុខឱ្យកាកបាទក្រហមវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកា សប្បុរសធម៌ ដែលនេះបានបង្ហាញពី ចំណងមិត្តភាព សាមគ្គីភាព ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណ និងកោតសរសេីរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយចែករំលែក ចំពោះប្រទេសដែលជួបការលំបាក ដូចជាប្រទេស ឡាវ នេប៉ាល់ មីយ៉ានម៉ា និងប្រទេសវៀតណាមជាដេីម ហេីយ ស្ថិតក្នុងស្ថានភាពដែលទីក្រុងហូជីមិញ កំពុងឆ្លងរីករាលដាលនេះដែរ ប្រទេស វៀតណាម សូមរៀនសូត្រពីកម្ពុជា អំពីយុទ្ធសាស្ត្រ និងវិធានការនានា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះផងដែរ។

លោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងបេះដូង របស់ប្រទេសវៀតណាមជានិច្ច ហេីយវៀតណាម នឹងបន្តខិតខំ ប្រឹងប្រែង ជំរុញ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព កសាងប្រទេសទាំង២ ឱ្យមានសន្តិភាព ការអភិវឌ្ឍជានិរន្តរ៍។

សូមរំលឹកថា កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមនេប៉ាល់ ដេីម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅប្រទេសនេប៉ាល់ផងដែរ៕