(អឺរ៉ុប)៖ ប្រទេសអឺរ៉ុបស្ទើរតែទាំងអស់ ជាពិសេស បារាំង, អង់គ្លេស, រ៉ូម៉ានី, ហុងហ្គារី, អាល្លឺម៉ង់, និងក្រិក ព្រមទាំងប្រទេស មួយចំនួនទៀត ដូចជា អូស្ត្រាលី, ឥណ្ឌូណេស៊ី, និង អាមេរិក ជាដើមបានសម្តែងភាពតក់ស្លុត ចំពោះការវាយប្រហារនៅទីក្រុង ព្រុចសែល ប្រទេស ប៊ែលហ្សិក កាលពីប៉ុន្មានម៉ោង មុននេះ ដែលបានបណ្តាលឲ្យមនុស្ស៣០នាក់ បាត់បង់ជីវិត និងជិត២០០នាក់ រងរបួស។

សារព័ត៌មានស៊ិនហួរ ចេញផ្សាយជាបន្តបន្ទាប់ជុំវិញ ការវាយប្រហារខាងលើ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នេះថា ប្រទេសអឺរ៉ុប ដែលពាក់ព័ន្ធនឹងការវាយប្រហារ ក្រុមភេរវករ ISIS ទាំងអស់ បានប្រកាសរឹតបន្តឹងផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែន ព្រលានយន្តហោះ ស្ថានីយ៍រថយន្ត ឬ រថភ្លើងនិងតំបន់ប្រជុំជនធំៗ ដែលអាចនឹងរងការ គំរាមកំហែង គ្រប់ពេលវេលា។

ប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភខ្លាំង ចំពោះសន្តិសុខនៅអឺរ៉ុប ដោយសារតែប្រទេសបារាំង និង ប៊ែលហ្សិក កាលពីចុងសប្តាហ៍ មុននេះ ទើបតែចាប់បានជនសង្ស័យមួយរូបដែលគេអះអាងថា ជាបណ្តាញ ក្រុម ISIS ដែលបានវាយប្រហារ ទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានឆក់យកជីវិតមនុស្ស ចំរុះជាតិសាសន៍ចំនួន១៣០នាក់៕