(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម។

សូមជំរាបថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។

ប្រទេសវៀតណាមបាននិងកំពុងរងការរាតត្បាតជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់៕